ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវជិះម៉ូតូដេញវាយយុវជនម្នាក់ស្លាប់ តុលាការប្រកាសសាលក្រមផ្តន្ទាទោស បីនាក់៣ឆ្នាំ ០៦ខែ និងម្នាក់ទៀត៧ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល៖ សំណុំរឿងក្រុមក្មេងស្ទាវបង្ក អសន្តិសុខនៅតាមដងផ្លូវជិះ ម៉ូតូដេញវាយយុវជនម្នាក់ ស្លាប់នៅរង្វង់មូលក្រុងតាខ្មៅនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សាលាដំបូងខេត្តកណ្តាលបានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ។

ក្នុងការបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសមានលោក សាយ សម្ភស្សនសេរី ជាចៅក្រមជំនុំជំរះសាលាដំបូងខេត្តកណ្តាល និងលោក ងួន វុទ្ធី ជាចៅក្រមស៊ើបសួរ និងអ្នកស្រី ពេជ្រ មារ៉ែន ជាចៅក្រមស៊ើបសួរ និងលោក សេង រិទ្ធី ជាតំណាងអយ្យការ ។

ក្រោយបញ្ចប់សវនាការលោក សាយ សម្ភស្សនសេរី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ លាស់ ខរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពន្ធនាគារ០៧ឆ្នាំ និងឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ និងឈ្មោះ អាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ និងឈ្មោះ ម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដាក់ពន្ធនាគារក្នុងម្នាក់០៣ឆ្នាំ០៦ខែ ។ ជនជាប់ចោទទាំងបួននាក់ត្រូវសងសំណងទៅលើជនរងគ្រោះ២៥លានរៀល ។

ជនរងគ្រោះឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបូរមាត់) ។ ដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះបាន ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

សូមរំលឹកថា នៅល្ងាចថ្ងៃទី២៤ សីហា ២០១៨ លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមក្មេងស្ទាវបង្កអសន្តិសុខនៅតាមដងផ្លូវជិះម៉ូតូដេញវាយយុវជនម្នាក់ស្លាប់នៅរង្វង់មូលក្រុងតាខ្មៅ ក្រោមបទចោទ ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណះភាពជនរងគ្រោះ ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ សីហា ២០១៨ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យកំពុងតែអង្គុយលេងលើម៉ូតូ នៅចំណុចអ្នកតាថៃជឺមាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនសង្ស័យ ធ្វើឲ្យពួកគេខឹងក៏បានជិះម៉ូតូដេញតាមដល់កន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយ ធ្វើឲ្យម៉ូតូទាំងពីរជ្រុលចង្កូតទៅបុកខឿនលោកតាម៉ៅ ដួលបោកទាំងសងខាង ។

បន្ទាប់មក ជនសង្ស័យក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួសបាក់ធ្មេញ និងរយះបបូរមាត់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះបាន ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយពេលជនរងគ្រោះស្លាប់ និងក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារសពផង សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរបន្ថែម ក៏ដូចជាកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ឆ ដា


ចែករំលែក៖