ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត។
ពិធីជួបសំណេះសំណាលនេះត្រូវប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករ និយោជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីនាព្រឹកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានផ្តល់នូវការគោពស្រលាញ់សម្តេចរហូតមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករ កម្មការិនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយទទួលប្រាក់ឈ្នួលពេញដដែល។ នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំពតជាខេត្តមួយដែលមានសក្តានុពលផ្នែកទេសចរណ៍ និងឧស្សាហកម្មផងដែរ ដែលពេលនេះខេត្តកំពតកំពុងកើតមានរោងចក្រសហគ្រាសជាច្រើន ដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋយើង។ សម្តេចក៏បានថ្លែងដោយក្តីមោទនភាពផងដែរ ចំពោះសមិទ្ធផលក្នុងខេត្តកំពត ជាពិសេសអ្វីដែលនៅកំពតដែលមានភាពល្បីល្បាញនោះមានដូចជា ផលិតផលទុរ៉េនកំពត ម្រេចកំពត អំបិលកំពត ដូងកំពត។ល។ ជាពិសេសសម្តេចបានថ្លែងកោតសរសើរចំពោះផលិតផលម្រេចកំពតដែលមានភាពល្បីល្បាញនៅលើទីផ្សារអន្តរជាតិ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស សូមធ្វើស្រែប្រាំងតែមួយដងបានហើយ ព្រោះក្រែងអាចប្រឈមនឹងការខ្វះខាតទឹកនៅពេលក្រោយ។ កាលដែលសម្តេចមានប្រសាសន៍យ៉ាងដូច្នេះដោយសារតែពេលដែលសម្តេចអញ្ជើញធ្វើដំណើរតាមឧទ្ទម្ភាចក្រ គឺសម្តេចបានឃើញពីស្ថានភាពនៃការខ្វះខាតទឹកអាចនឹងកើតមានឡើងសំរាប់ប្រជាពលរដ្ឋនៅពេលក្រោយ ក៏ប៉ុន្តែសម្តេចក៏បានជំរុញអោយប្រជាកសិករអាចដាំដំណាំផ្សេងៗបាន។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្មួយៗកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេសដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាពិសេសដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ពីភាពចាំបាច់ និងសារៈសំខាន់នៃការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដែលនេះជាចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពត អនាគតដ៏ខ្លីខាងមុខនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលខ្លាំង នឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ស្របពេលដែលពេលនេះយើងកំពុងមានការពង្រីកផ្លូវជាតិលេខ៣ ការមានកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀត។ សម្តេចបន្តថា កម្ពុជាអាចរីកចម្រើនបានដោយមិនត្រូវពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺត្រូវពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់ជាដើម ដើម្បីឈានទៅសម្រេចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា ពេលនេះកម្ពុជាបានចាប់ផ្តើមការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចជាការបញ្ចុះតំលៃអគ្គិសនី ការបញ្ចប់វត្តមានផ្នែកកាំកុងត្រូល និងផ្នែកផ្សេងៗទៀតនៅតាមច្រកព្រំដែន ដោយទុកតែនគបាលអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនេះជាការអនុវត្តជាបណ្តើរៗទៅតាមអភិក្រម៥យ៉ាងគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តសុំឲ្យកម្មករ និងម្ចាស់រោងចក្រ មានការយោគយល់គ្នាខ្ពស់ទៅវិញទៅមក និងចង់ឲ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះដែរ ម្ចាស់រោងចក្រត្រូវមានការគោរពស្រលាញ់ គិតគូរ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវខិតខំបំពេញការងារឲ្យបានល្អត្រឡប់ទៅវិញ បង្កើតបានជាសាមគ្គីភាពល្អរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះដែរ ម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែម។ ទៀតនូវអ្វីដែលខ្វះ ជាពិសេស គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់កម្មករពេលសម្រាក និងពេលទទួលទានអាហារ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ រីឯការបើកប្រាក់ខែ គឺបើក ២ដង ក្នុងមួយខែ។
២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានហ្មត់ចត់បំផុត។
៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈ ពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ហើយក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។
៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។ បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និងនិយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៣៥៧ នាក់ផងដែរ៕