ខេត្តក្រចេះ៖ ពលរដ្ឋជាង២០០គ្រួសារ រស់នៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបន្ត ឈូសឆាយដីចម្ការពួកគាត់យកទៅបែងចែកឲ្យពលរដ្ឋមួយក្រុមផ្សេងទៀតមកពី តាមបណ្តាខេត្តផ្សេងៗ ដែលធ្លាប់មាន ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់។
ពលរដ្ឋបាននិយាយថា ដីចម្ការរបស់ ពួកគាត់មានគ្រួសារខ្លះមានដី៣ហិកតា និងគ្រួសារខ្លះទៀតមានដី៥ហិកតា ហើយពួកគាត់បានចូលមកអាស្រ័យផលដាំ ដំណាំផ្សេងៗ តាំងពីឆ្នាំ២០០២ និងគ្រួសារខ្លះទៀត ចូលមកអាស្រ័យផលលើដីនេះ ក្នុងអំឡុងឆ្នាំ២០០៥។ ក្នុងនោះមាន គ្រួសារខ្លះបានដាំដំណាំកៅស៊ូ ដំណាំស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងៗ។
លោក ទិន ហួច អាយុជាង៤០ឆ្នាំ បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមយកគ្រឿងចក្រចូលឈូសឆាយ ដីចម្ការរបស់ពួកគាត់នៅចំណុច ដេ៥ និងដេ៦ និងចំណុចគីឡូម៉ែត្រលេខ៩៤រហូតដល់គីឡូម៉ែត្រលេខ១០៤ ដើម្បីវែកផ្លូវ ចូលវាស់វែងដីរបស់អ្នកភូមិ ធ្វើជាដីសម្បទានសង្គមកិច្ចយកទៅបែងចែកឲ្យពលរដ្ឋរាប់រយគ្រួសារ ផ្សេងទៀត ដែលជាពលរដ្ឋចំណាកស្រុក រស់នៅខេត្តផ្សេង និងធ្លាប់តវ៉ាក្នុងរឿង ទំនាស់ដីធ្លីជា មួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល។
ពួកគាត់បានស្នើឲ្យអាជ្ញាធរ រកដីនៅតំបន់ផ្សេង ដែលមិនប៉ះពាល់ដល់ពលរដ្ឋ ដើម្បីបែងចែកឲ្យពលរដ្ឋចំណាកស្រុកទាំងនោះ មិនត្រូវមកឆ្វៀលដីចម្ការរបស់អ្នក ភូមិដែលមានចំនួនជាង២០០គ្រួសារ ដែលមានដំណាំកៅស៊ូ ចន្ទី យកទៅបែកចែកឲ្យទៅពលរដ្ឋមួយក្រុមនោះទេ។
លោកបន្តថា នៅអំឡុងឆ្នាំ២០១៦ ក្រុមការងារថ្នាក់ស្រុក មានអភិបាលរងស្រុក ខាងមន្ទីរសុរិយាដីស្រុក ធ្លាប់បាន ចុះស្រង់ស្ថិតិអ្នកភូមិទាំងជាង២០០គ្រួសារមួយដងជាពីរដង និងគ្រោងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង។ តែពេលនេះរដ្ឋបាលសាលាខេត្តក្រចេះបានចេញសេចក្តីជូនដំណឹង ដោយបដិសេធចោលទាំង ស្រុង ចំពោះការកាន់កាប់ដីធ្លីរបស់ពលរដ្ឋ ទាំង២១៨គ្រួសារ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយតម្រូវឲ្យពួកគាត់ ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅថ្នាក់ស្រុកទៅវិញ ។
ពួកគាត់បានអះអាងថា ពួកគាត់មិន ចាកចេញពីដីចម្ការរបស់ពួកគាត់នោះទេ ព្រោះបានចូលមកអាស្រ័យផល លើដីចម្ការទាំងនោះចាប់តាំងពីឆ្នាំ២០០០-២០០២ មកម្លេ៉ះ។ មិនតែប៉ុណ្ណោះពួកគាត់នឹងគ្រោងលើកគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបង្ខិតបង្ខំឲ្យពួកគាត់ចាកចេញពីដីចម្ការពួកគាត់។
គួររំលឹកថា ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានកើតជារឿងចម្រូងសម្រាសឥតឈប់ឈរជាច្រើនឆ្នាំ ខណៈដែលចំនួនពលរដ្ឋចំណាកស្រុកកាន់តែមានតួលេខកើនឡើង ហើយកាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅពលរដ្ឋទាំងនោះបានចេញមុខតវ៉ាបែបហិង្សា ជាមួយនិងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅពេលដែលក្រុមហ៊ុនបានដឹកគ្រឿងចក្រចូលក្នុងក្រុមហ៊ុនដើម្បីឈូស ឆាយក្រវាត់ព្រំដី។
ដោយការតវ៉ាកាលនោះក្រុមអ្នក តវ៉ាបានធ្វើសកម្មភាពបិទផ្លូវជាតិលេខ76អស់រយៈពេលជាច្រើនម៉ោងនៅចំណុចភូមិ ជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។ ពួកគេ ប្រដាប់ ដោយដបសាំង កាំបិត ដំបង ចម្ពាមគ្រាប់ ដែក បានប្រើហង្សាមកលើ ក្រុមសមត្ថកិច្ចដែលចុះទៅការពារទៀតផង។
ក្នុងស្ថានភាពតានតឹងនៃការតវ៉ារហូតឈានឲ្យមានការប៉ះទង្គិចសមត្ថកិច្ច បានសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ ដើម្បី គំរាមទើបបែកហ្វូងក្រុមអ្នកតវ៉ា។ រហូត មកដល់ពេលនេះ អាជ្ញាធរខេត្តក៏ សម្រេច ឆ្វៀលដីពលរដ្ឋ ដែលមានដំណាំ ចន្ទី ដំណាំកៅស៊ូរបស់ពលរដ្ឋចំនួន២១៨ គ្រួសារ ដែលបានចូលអាស្រ័យផលលើដីចម្ការទាំងនេះរាប់សិបឆ្នាំហើយនោះធ្វើជាដីសម្បទានសង្គមកិច្ចយកទៅបែងចែកឲ្យក្រុមអ្នកតវ៉ា ដែលជាពលរដ្ឋចំណាក ស្រុកទាំងនោះទៅវិញ៕ នរិន្រ្ទ