ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន កាពីតូល បុកម៉ូតូ បណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ បណ្តាលឲ្យសិស្សសាលា១នាក់ស្លាប់នៅ នឹងកន្លែង ម្នាក់ទៀត រងរបួសធ្ងន់ និងខូចខាតរថយន្ត១គ្រឿង ម៉ូតូ១គ្រឿង ។

ហេតុកាណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង៨យប់ ថ្ងៃសុក្រ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3E.3607 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល អ្នកបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។

ចំណែកអ្នកបើកបរម៉ូតូ ម៉ាកហុងដា វេវ អាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1J.7519 អ្នកបើកបរឈ្មោះ រ៉ាន់ ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួក សុវត្ថិភាព អ្នករួមដំណើរឈ្មោះ តិប វិច្ចិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិមឈាយ ឃុំសំព្រោច ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។

មូលហេតុបង្កឡើងដោយ អ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ មានល្បឿនលឿន រួមផ្សំនឹងអ្នកបើកបរម៉ូតូ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាសវែង ធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមួល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីចាត់វិធានការតាមច្បាប់។ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖