ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ នៅកណ្ដាលផ្លូវព្រៃសរ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីរូបគាត់ជិះម៉ូតូយ៉ាងលឿន ព្រមទាំងផ្លូវគ្មានភ្លើងបំភ្លឺ ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង ។
(សព)ជនរងគ្រោះមានឈ្មោះ រឿន សារុន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមាន រាជធានីភ្នំពេញ មានស្រុកកំណើតក្នុងភូមិភ្នាត ឃុំរៀនថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាក់ម្នាក់បានជិះម៉ូតូម៉ាកសង់ប៊ិចហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BF-៦៧៧៩ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងប្រៃសរ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ក៏បានមកបុករថយន្ដមួយគ្រឿងដែលមិនស្គាល់ម៉ាកចំពីក្រោយ បណ្ដាលឲ្យអ្នកបើកបរធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នកបើករថយន្ដបានបើកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិមកយកម៉ូតូ ចំណែកសពបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ភារ៉ា ដង្កោ