ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​ពេលយប់ផ្លូវងងឹត ជ្រុលទៅបុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​គួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ នៅកណ្ដាលផ្លូវ​ព្រៃ​សរ ក្នុងភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៩​ បន្ទាប់​ពីរូបគាត់ជិះម៉ូតូ​យ៉ាង​លឿន ព្រមទាំងផ្លូវគ្មានភ្លើងបំភ្លឺ ​ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង ។

(សព)ជន​រង​គ្រោះ​មានឈ្មោះ​ រឿ​ន​ សា​រុន​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​មាន​ រាជធានី​ភ្នំពេញ​ មានស្រុក​កំណើត​ក្នុងភូមិ​ភ្នា​ត​ ឃុំ​រៀន​ថ្មី​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។​

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​វ័យ​ចំណាក់​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១BF-៦៧៧៩​ បាន​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវបេតុងប្រៃសរ ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​មក​បុក​រថយន្ដ​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​ចំ​ពីក្រោយ​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​ ។ ចំណែក​អ្នក​បើករថយន្ដ​បាន​បើកគេច​បាត់​ស្រមោល​ ។​

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ម៉ូតូ​ ចំណែក​សព​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖