ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ បុកកម្មការិនីម្នាក់ ស្លាប់នៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ស្លាប់ នៅកណ្តាលផ្លូវជាតិ យ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្ក ឡើងដោយរថយន្តបើកកៀរដួលហើយ ត្រូវបានរថយន្តកុងតឺន័រ បើកមកពីក្រោយបុកកិនបន្ថែម កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះ ឈ្មោះ អ៊ូ កញ្ញា អាយុ ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិ ឃុំកើតហេតុ ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពក់ស្លាកលេខ ភ្នំពេញ 1AY-7687 ចំណែកស្រ្តីម្នាក់ទៀត ជាអ្នកបើកបរ រងរបួសស្រាល ។

រថយន្ត បង្កជាប្រភេទរថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-1988 សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះនៃ ចាន់ណុល ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយកើតហេតុ ព្យាយាមបើករត់ បានចម្ងាយប្រហែល១គីឡូម៉ែត្រ ទើបប្រជាពលរដ្ឋ សមត្ថកិច្ច ស្ទាក់ចាប់បាន នៅសង្កាត់ព្រែកឯង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូគ្នា២នាក់ វិលត្រឡប់មកពីផ្សារគគីរ ធ្វើដំណើរឌុបគ្នា តាមបណ្តោយផ្លូវជាតិ លេខ១ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្លងផ្លូវ គោលបំណងចូលផ្ទះនៅក្នុងភូមិព្រែកធំ តែត្រូវបានរថយន្តមួយ គ្រឿង មិនចាំម៉ាក បើកស្របទិសកៀរ បណ្តាលឲ្យដួល បន្ទាប់មកអ្នកបើកបររថយន្តបន្ថែមល្បឿនបើកគេចបាត់ ។ ស្របពេលដែលស្ត្រីរងគ្រោះដួលលើផ្លូវជាតិ ក៍មានរថយន្តប្រភេទកុងតឺន័របើកមកពីក្រោយកិនចំជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ហើយព្យាយាមបើករត់គេច រហូតដល់ទឹកដីសង្កាត់ព្រែកឯង ទើបគេស្ទាក់ចាប់បាន ។

ក្រោយកើតហេតុ សាកសពត្រូវបាន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿង តាមនីតិវិធី ។

ដោយឡែកនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តម៉ាក់កូរូឡា ពណ៍ទឹកប្រាក់ បើកឡើងលើខឿនសួនច្បារចែកទ្រូងផ្លូវបណ្តាលអោយបាក់បង្គោលផ្សារពាណិជ្ជកម្ម១ដើម នៅតាមបណ្តោយផ្លូវជាតិលេខ១ ល្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ តែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ សណ្តោស


ចែករំលែក៖