ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូ២គ្រឿងឈប់ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់អាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរដោយល្បឿនលឿន ឈប់មិនទាន់ ជ្រុលទៅបុកម៉ូតូ២គ្រឿងឈប់ចំណតភ្លើងស្ដុប បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្ដុបព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីនយ៉ាន់ដាយ ធុនធំ ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3743 បើកបរដោយជនពុំទាន់ស្គាល់អត្ដសញ្ញាណ ។ ចំណែកឯស្ដ្រីស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ រីម្នាក់ទៀតរងរបួសស្រាលពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1Q-6999 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ធុនធំបើកបរដោយក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយល្បឿនលឿន ខណៈមកដល់ចំណុចភ្លើងស្ដុបព្រែកសំរោង រថយន្ដខាងលើឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ២គ្រឿងខាងលើ ដែលឈប់រងចាំភ្លើងស្ដុប បណ្ដាលឲ្យស្រ្ដីជាអ្នកបើកបរម៉ូតូហុងដាគុបជ្រុង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនរងគ្រោះជាអ្នកបើកបរម៉ុតូហុងដាស្កុបពីរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍បានធ្វើការអន្ដរាគមន៍ ឃាត់រថយន្ដ និងអ្នកបើកបរយកមកអធិការដ្ឋាននគរបាលក្រុង ។ ចំណែកឯម៉ូតត្រូវបានកម្លាំងនគរបាលជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពស្រ្ដីរងគ្រោះត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖