ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋឃុំស្វាយជ្រុំជាច្រើនគ្រួសារ បានប្រមូលគ្នាធ្វើការតវ៉ាជាថ្មី ដោយសារមេការក្រុមហ៊ុនរបស់លោកឧកញ៉ាម្នាក់ តែងតែធ្វើបាបប្រជាពលរដ្ឋ ឥតឈប់ឈរ រហូតដល់យកកម្លាំង ប៉េអឹមមកចាប់ត្រាក់ទ័រពួកគាត់ ដែលជួលគេយកមកធ្វើការភ្ជួររាស់ស្រែទៀតផង ។
ជាក់ស្តែងណាស់ប៉ុន្មានថ្ងៃមុននេះ មេការរបស់លោកឧកញ៉ាម្នាក់នោះ បានដឹកនាំនិងបញ្ជាឲ្យមន្ត្រី កងរាជអាវុធហត្ថខេត្តធ្វើការចាប់ខ្លួនប្រជាពលរដ្ឋ២នាក់រួមនឹងត្រាក់ទ័រមួយគ្រឿងដែលពួកគាត់បានជួលរួចយកទៅឈូសឆាយលើដីស្រែរបស់គាត់ទៀតផង ។ ទង្វើបែបនេះ ត្រូវបាន អាជ្ញាធរឃុំស្វាយជ្រុំ ចាត់ទុកជាអំពើសាហាវព្រៃផ្សៃ លើប្រជាពលរដ្ឋស្លូតត្រង់ ក្នុងឃុំរបស់គាត់ដែលមានមុខរបរធ្វើស្រែ ។
ស្ត្រីម្នាក់ឈ្មោះ កែវ ផល្លា មានទីលំនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បាននិយាយថា គាត់បានទិញដីនៅ ចំណុចអូររំដេញ ស្ថិត ក្នុងភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ក្រោយមកដោយការខ្វះខាតជីវភាពគាត់បានលក់ដីនេះ បន្តទៅឲ្យស្ត្រីម្នាក់នៅរាជធានីភ្នំពេញ ក្រោយមកស្ត្រីជាម្ចាស់ដី បានឲ្យគាត់ជួលត្រាក់ទ័រ ទៅឈូសពង្រាបដីនោះ ដើម្បីធ្វើស្រែ ព្រោះមានក្រសួងអភិវឌ្ឍន៍ជនបទបានជីកប្រឡាយទឹក ជិតដីរបស់ពួកគាត់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ ខណៈពេលត្រាក់ទ័រ កំពុងឈូសពង្រាបដីស្រែ ស្រាប់តែឈ្មោះ លន់ ឡន ហៅឡុង បាននាំមន្ត្រីកងរាជអាវុធហត្ថ ទៅចាប់ទាំងមនុស្ស និងត្រាក់ទ័រ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមកដល់ពេលនេះ ទើបតែត្រូវបានដោះលែងអ្នកបើកត្រាក់ទ័រពីរនាក់ ប៉ុន្តែត្រាក់ទ័រនៅមិនទាន់ដោះលែងឲ្យមកវិញនោះឡើយ។
ស្ត្រីខាងលើ បានបញ្ជាក់ថា ប្រជាពលរដ្ឋអ្នក ឃុំស្វាយជ្រំមានក្តីវេទនាខ្លាំងណាស់ ដោយសារតែឈ្មោះ ឡុង ជាមេការក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ នៅរាជធានីភ្នំពេញ តែងតែដើរគម្រាមនិងធ្វើបាបពួកគាត់រហូត ។ ប្រជាពលរដ្ឋ ដែលរងការធ្វើបាបគំរាមកំហែង បាននិយាយថា កន្លងមកឈ្មោះ លន់ ឡន ហៅឡុង នេះ ដើរបំផុសប្រជាពលរដ្ឋឲ្យលក់ដីឲ្យក្រុមហ៊ុនទៅក្រុមហ៊ុន នឹងបង្កើតរោងចក្រសាលារៀនមន្ទីរ ពេទ្យនៅជិតផ្ទះ ដោយមិនបាច់ឲ្យកូនទៅធ្វើការនៅក្រៅប្រទេសនិងទៅរៀននៅទីឆ្ងាយៗ ពិសេសមិនបាច់ទៅព្យាបាលឆ្ងាយនោះទេ ។ ប្រជាពលរដ្ឋក៏ព្រមលក់ទៅឱ្យគាត់ខ្លះមួយហិចតាបាន៣០០ដុល្លារ ខ្លះ៤០០ដុល្លារ ជាដើម។ ក្នុងនាមគាត់តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយជ្រុំ សូមអំពាវនាវដល់អាជ្ញាធរខេត្ត ពិសេស ប្រមុខ រាជរដ្ឋាភិបាលសូមមេត្តាជួយប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយជ្រុំ ដែលរងទុក្ខបុកម្នេញដោយសារបុគ្គលឈ្មោះ លន់ ឡុងហៅឡេង នេះផង។
លោក មេឃុំស្វាយជ្រំ ស្រុករលាប្អៀរ លោក យីភួន បានឲ្យដឹងថាប្រជាពលរដ្ឋ បានយកត្រាក់ទ័រទៅភ្ជួរស្រែលើដីរបស់គាត់សោះហេតុអីឈ្មោះ លន់ ឡន ហៅឡុង បញ្ជាឲ្យកងរាជអាវុធហត្ថទៅចាប់គ្នាបែបនេះទៅវិញ ។ លោក បានបញ្ជាក់ថា ឈ្មោះ ឡុង នេះជាមេការ របស់ឧកញ៉ា សុខ ប៊ុន ដែលបានទិញដីជាង ១ ពាន់ហិកតា នៅក្នុងឃុំស្វាយជ្រុំ ។ ក៏ប៉ុន្តែក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមិនទាន់បានលក់ទៅឱ្យឈ្មោះឡុងនេះដែរ ដែលមានផ្ទៃដីប្រមាណជាង ១៥០ហិកតា ផ្ទៃដីជាង១៥០ហិកតា នេះគឺនៅក្នុងរង្វង់គ្របដណ្ដប់ពីលើ របស់ឈ្មោះឡុង ដែលជាមេការរបស់លោក ឧកញ៉ា ។ ប៉ុន្តែពេលប្រជាពលរដ្ឋទៅបង្កបង្កើនផលគឺមិនបានទេ សូម្បីតែការលក់ដូរក៏មិនបានដែរ បើចង់លក់លុះត្រាតែលក់ ឲ្យក្រុមហ៊ុន ។ កន្លងទៅឈ្មោះ ឡុង នេះក៏ធ្លាប់គំរាមកំហែងមិនឲ្យរូបលោក ចុះហត្ថលេខាលើការទិញលក់ដីរបស់ប្រជាពលរដ្ឋឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើគាត់ ដែលជាអាជ្ញាធរដែនដី ទៅវិញ ។
លោកមេឃុំស្វាយជ្រុំ បានបញ្ជាក់ទៀតថា ឈ្មោះ ឡុងនេះ កាលពីរដូវទឹកឡើង ប្រជាពលរដ្ឋមកតវ៉ាបានសន្យា ចំពោះមុខប្រជាពលរដ្ឋអ្នកសារព័ត៌មានថា នៅពេលទឹកស្រក បងប្អូនប្រជាពលរដ្ឋ មានដីនៅចំណុចណា សូមទៅធ្វើស្រែជាធម្មតាចុះ ហើយរឿងដី ចង់លក់ឲ្យអ្នកណាក៏បាន ក្រុមហ៊ុនមិនបង្ខំនោះទេ ។ តែធាតុពិត ពេលបងប្អូនទៅធ្វើស្រែ បែរជាហៅ កងរាជអាវុធហត្ថ ទៅចាប់គ្នាទៅវិញ ពិតជាសាហាវព្រៃផ្សៃពេក មកលើប្រជាពលរដ្ឋ ។ពាក់ព័ន្ធនឹងករណីខាងលើនេះ ឈ្មោះលន់ ឡន ហៅឡុង ដែលជាមេការក្រុមហ៊ុន រងការចោទប្រកាន់ខាងលើ បាននិយាយដោយខ្លីថា លោកមិនបានចាប់គ្រឿងចក្រនោះទេ គឺមន្ត្រីជំនាញនោះទេ ជាអ្នកចាប់ ហើយពេលនេះ គេដោះលែងវិញអស់ហើយ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនមកយក ព្រោះបានប្រាប់ថា កំពុងកោសខ្យល់ ។
ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៩ ខែមករា នេះ បានប្រាប់ថា លោកមិនបានបញ្ជាឲ្យចាប់គ្រឿងចក្រនោះទេ ព្រោះពេលឲ្យមន្ត្រីជំនាញចុះទៅពិនិត្យឃើញថា ដីនោះជាដីស្រែរបស់ប្រជាពលរដ្ឋធ្វើស្រែរាល់ឆ្នាំ មិនមែនជាដីព្រៃលិចទឹកទេ? ហើយលោកក៏បានឲ្យដោះលែងមនុស្ស និងត្រាក់ទ័រទៅវិញ ។ រហូតមកដល់ថ្ងៃនេះ លោកប្រធានមន្ទីរក៍មិនដឹងថា គេដោះលែងឬនៅដែរ ព្រោះពេលនេះផុតពីសមត្ថកិច្ចរបស់លោកហើយ៕ ចន្ថា