ព័ត៌មានទាន់ហេតុការណ៍៖

៤នាក់របួសធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កូនប្រុស លោក ឆាយ ផេង មេបញ្ជាការយោធាផ្នែកសឹករងស្រុកព្រៃនប់ ឈ្មោះ ផេង វិចិត្រ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនវាលរេញ បានស្លាប់ និងមានមនុស្ស3នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ3 (វាលរេញ-កំពត)ចន្លោះគីឡូម៉ែត្រ 192-193 ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ីម៉ក កាលពីវេលាម៉ោង11,25នាទី ថ្ងៃទី29 មករា 2019 នេះ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូមួយគ្រឿង ម៉ាកសាន់ យ៉ាន់ ពណ៌ខៀវគ្មានស្លាកលេខ (សណ្តោងរុឺម៉ក) ទិសដៅពីវាលរេញទៅកំពត មកដល់ចំណុចកើតហេតុ ម៉ូតូរុឺម៉កនេះបានបត់ឆ្វេង ស្របពេលមានម៉ូតូមួយគ្រឿងម៉ាក ហ្វីតទ័រ ពណ៌ត្របែកព្រៃ គ្មានស្លាកលេខជិះគ្នា 2នាក់ ជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង3នាក់ទៀតរងរបួសធ្ងន់ ស្រាល រួមមាន

ទី1.ឈ្មោះ ផេង វិចិត្រ ភេទប្រុសអាយុ15ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ ជាអ្នកបើកបរម៉ូតូហ្វីតទ័រ ស្លាប់ក្រោយពីបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនវាលរេញ ។

ទី2.ឈ្មោះ ឆន កន ភេទប្រុសអាយុ18ឆ្នាំមុខរបរ សិស្ស ជាអ្នករួមដំណើរពីក្រោយ មានទីលំនៅដូចគ្នារងរបួសធ្ងន់។

ទី3.ឈ្មោះ ភឿន មុំ ភេទស្រី ជាអ្នកជិះលើរុឺម៉ក រងរបួសស្រាល។

ទី4.ឈ្មោះ ឡាយ គុយ ភេទស្រីអាយុ៣ខែ ត្រូវជាកូន (ភឿន មុំ) រងរបួសស្រាល អ្នកទាំង២មានទីលំ នៅចំនុចកើតហេតុ។

ក្រោយកើតហេតុអ្នកបើកម៉ូតូរុឺម៉កបានរត់គេចខ្លួន ហើយបច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖