ខេត្តកំពត ៖ បុគ្គលិកបម្រើការងារនៅក្លិបខារ៉ាអូខេ រ៉ូយ៉ាល់កំពតជាច្រើននាក់បានលើកឡើងថា ថៅកែរបស់ពួកគេកំពុងតែ ជញ្ជក់ឈាមបុគ្គលិក ដោយការកាត់ប្រាក់ខែគ្មានមូលហេតុត្រឹមត្រូវនិងច្បាស់លាស់។
បើតាមប្រភពបានឲ្យដឹងថា កន្លែងមួយនេះមានបុគ្គលិកជាងមួយរយនាក់កំពុង បម្រើការងារ។បុគ្គលិកទាំងនោះបានរអ៊ូ រទាំប្រហាក់ប្រហែលគ្នាថាថៅកែកាត់ លុយរាល់ខែ គ្មានមូលហេតុត្រឹមត្រូវនិង ច្បាស់លាស់នោះទេ ធ្វើឲ្យពួកគេបាក់ទឹកចិត្តក្នុងការបំពេញការងារ។
បុគ្គលិកបម្រើសេវាអង្គុយកំដរភ្ញៀវ ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប្រាក់ខែគោលតាមកិច្ចសន្យាការងារ ត្រូវទទួលបាន១៨០ដុល្លារហើយប្រាក់ខែនោះ ត្រូវចំណាយសម្រាប់ថ្លៃជួលបន្ទប់៤៥ ដុល្លារថ្លៃហូបចុក និងតុបតែងខ្លួន ប្រមាណជាង៥០ដុល្លារក្នុងមួយខែៗ ហើយសល់ប៉ុន្មានរូបនាងផ្ញើទៅឲ្យឪពុកម្តាយនៅឯកស្រុកប៉ុន្តែពេលបើកប្រាក់ខែម្តងៗនាងមិនដែលបានគ្រប់១៨០ដុល្លារទេ បានត្រឹមចន្លោះពី៧០ទៅ៩០ដុល្លារ ប៉ុណ្ណោះ ដោយលោកថៅកែបានអះអាងកាត់នៅ សល់តែប៉ុណ្ណឹង។
បុគ្គលិករូបនោះបានបញ្ជាក់ថា នាងមិនហ៊ានតវ៉ាទេ បើទោះជាប្រាក់ខែត្រូវ បានកាត់ស្ទើរអស់ក៏ដោយព្រោះមិត្តរបស់នាងជាច្រើននាក់ ឲ្យតែតវ៉ា ថៅកែនឹងបញ្ឈប់បណ្តេញចេញពីការងារ ។
និយាយដោយទឹកមុខស្រពាប់ស្រពោន និងលាយឡំដោយទឹកភ្នែករលីងរលោងក្នុងក្តីព្រួយបារម្ភក្លាចអត់ការងារធ្វើបុគ្គលិក ស្រីម្នាក់បានស្នើឲ្យមន្ត្រីជំនាញ និងអង្គការ ស្ថាប័នពាក់ព័ន្ធជួយរឹតបន្តឹងច្បាប់ការងារ និងគោលការណ៍សម្រាប់ម្ចាស់បើកអាជីវកម្មផង ពិសេសបង្កើនការគោរពសិទិ្ធនិងសេរីភាពរបស់បុគ្គលិក។
ទាក់នឹងការលើកឡើងខាងលើកា សែតនគរវត្តទាក់ទងទៅថៅកែក្លិបកម្សាន្ត ខារ៉ាអូខេរ៉ូលយ៉ាល់ដើម្បីស្រាយបំភ្លឺបានទេ ។
ដោយឡែកប្រធានមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុឹង ប៉ហេង បានលើកឡើងថា លោកមិនដឹងចំនួនបុគ្គលិករបស់ក្លិបកម្សាន្តមួយនេះទេ ព្រោះ កន្លែងកម្សាន្តបុគ្គលិកចេញនិងចូលជា បន្តបន្ទាប់។ ប៉ុន្តែរាងរាល់បីខែម្តងមន្ទីរតែងចុះទៅធ្វើអធិការកិច្ចនិងណែនាំអំពីច្បាប់ការងារ ។
លោកបានបន្តថា ក្លិបកម្សាន្តរ៉ូយ៉ាល់ មិនដែលមានបញ្ហា បាតុភាពមិនប្រក្រតី ឬមានពាក្យបណ្តឹងអ្វីមួយទេនាពេលកន្លងមក។ តែទោះជាយ៉ាងនេះក្តីលោកថា កន្លែងកម្សាន្ត ពិបាកក្នុងជួបផ្ទាល់ជាមួយ បុគ្គលិកព្រោះពេលយប់ផុតម៉ោងធ្វើការ ៕ ហេង នរិន្ទ្រ