ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតថាកម្ពុជាយើងចូលឆ្នាំទាំង៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។
កាលពីពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ។
ក្រោយពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋ មានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា» ៕