ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តចង្កូតស្តាំលែងអនុញ្ញាតឲ្យមានចុះបញ្ជីទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះលោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះបញ្ជីរថយន្តចង្កូតស្តាំលែងអនុញ្ញាតឲ្យមានទៀតហើយ។ ការបិទបញ្ចប់ការចុះបញ្ជីរថយន្តចង្កូតស្តាំនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យ​បាន​កម្រិត​ខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ជាមួយយន្តការរដ្ឋបាល និងបច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុងចាប់ពីពេលនេះតទៅ ដោយគ្មាន​លក្ខ ខ​ណ្ឌ​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍​ដ៏ខ្ពង់​ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

គេនៅចាំបានថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋប្រើរថយន្តចង្កូតស្តាំទាំងអស់ ចូលទៅធ្វើស្លាក​លេខ និងបង់ពន្ធទៅតាមការកំណត់ ហើយអនុគ្រោះដល់ពួកគេមិនឲ្យកែចង្កូតថែមទៀតផង។ ទន្ទឹមគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានហាមមិនឲ្យមានការនាំចូលរថយន្ត​ចង្កូតស្តាំ​ទៀតនោះឡើយ។ក្រោយមានការអនុញ្ញាតនោះគេឃើញមានម្ចាស់រថយន្តចង្កូតស្តាំយ៉ាង​ច្រើនបាននាំយករថយន្តទៅចុះបញ្ជីដែលមកដល់ពេលនេះមានរយៈពេលប្រមាណ ៣ឆ្នាំ​ទៅហើយ តែគេនៅតែសង្កេតឃើញមានរថយន្តចង្កូតស្តាំត្រូវបានគេយកមកចុះបញ្ជី ជាហេតុ​នាំមានការសង្ស័យមានជនខិលខូចបន្តនាំរថយន្តចង្កូតស្តាំចូលក្នុងប្រទេសកម្ពុជា រួមមានទាំង​រថយន្ត ស៊េរីទំនើបផង ។

ដូច្នេះការបិទបញ្ចប់ការចុះបញ្ជីរថយន្តចង្កូតស្តាំតាមគោលការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺជាយន្តការមួយប្រយុទ្ធប្រឆាំងនឹងក្រុមជនខិលខូច ពិសេសស្ថាប័ននៅតាម​ព្រំដែន ដែលនៅតែបន្តអនុញ្ញាតឲ្យគេលួច​នាំយករថយន្តចង្កូតស្តាំចូលក្នុងប្រទេស​កម្ពុជា​នាំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ៕ ប្រាថ្នា


ចែករំលែក៖