ព័ត៌មានទាន់ហេតុការណ៍៖

ទូហ្គេមប្រភេទល្បែងស៊ីសងខុសច្បាប់ចំនួន២០គ្រឿង ត្រូវបានវាយកម្ទេចក្រោយពីបង្ក្រាបបានក្នុងមូលដ្ឋានខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានធ្វើពិធីវាយ និងកិនកម្ទេចទូហ្គេមប្រភេទល្បែងស៊ីសងខុសច្បាប់ចំនួន២០គ្រឿង បន្ទាបពីធ្វើការបង្ក្រាបជាក់ស្តែងក្នុងមូលដ្ឋាន និងយោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ។

លោក ឯក ឃុនដឿន បានឲ្យដឹងថា ក្នុងការវាយនិងកិនកម្ទេចទូហ្គេមប្រភេទល្បែងស៊ីសង ខុសច្បាប់ទាំងអស់នេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីព្រមានដល់ជនទាំងឡាយណាដែលហ៊ានលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់លោក ហើយទូហ្គេមប្រភេទល្បែងស៊ីសងខុសច្បាប់ចំនួន ២០គ្រឿង ត្រូវបានអាជ្ញាធរខណ្ឌទួលគោក បានធ្វើការបង្ក្រាបកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលខណ្ឌទួលគោក នៅចំណូចផ្ទះលេខ៧៩E1 ផ្លូវមុនីរ៉េត ក្រុមទី២១ ភូមិ៤ សងកាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

លោកអភិបាលខណ្ឌបន្តថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង បានរកឃើញ ទូល្បែងស៊ីសង់ខុសច្បាប់ចំនួន២០គ្រឿង គ្មានច្បាប់អនុញ្ញាត ដូចជា ម៉ាស៊ីន ហ្វៃត្រាហ្គិនចំនួន៤គ្រឿង ម៉ាស៊ីនរ៉ូឡែតចំនួន៨គ្រឿង ម៉ាស៊ីជោគគ័រ ចំនួន១៦គ្រឿង និងម៉ាស៊ីបាញ់ត្រីចំនួន២គ្រឿង ។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឯក ឃុនដឿន អភិបាលនៃគណៈ ភិបាលខណ្ឌទួលគោក ធ្លាប់បានលើកឡើង ក្នុងអង្គប្រជុំក្រុមប្រឹក្សាខណ្ឌថា រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលលួចបង្កប់រកស៊ីខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោក នឹងត្រូវបង្ក្រាបដោយគ្មានការយោគយល់អ្វីឡើយ បើទោះ អ្នកទាំងនោះមានខ្នងកាងធំប៉ុណ្ណាក៏ដោយ ។

លោក ឯក ឃុនដឿន បញ្ជាក់ថា ប្រសិនបើល្បែងស៊ីសងទាំងនោះ ត្រូវបានលោករកឃើញថា មានជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីខណ្ឌទួលគោក លោកនឹងមានវិធានការ ដោយមិនមានការលើកលែងឡើយពោលគឺ អ្នកដែល ពាក់ព័ន្ធត្រូវតែទទួលខខុសត្រូវចំពោះមុខច្បាប់ ៕ស តារា


ចែករំលែក៖