ភ្នំពេញ៖ ការចូលចិត្ដពិសាភេសជ្ជៈផ្អែម លោកអ្នក និងជួបហានិភ័យខ្ពោះ ចំពោះ មនុស្សវ័យចំណាស់ នាំឲ្យកើតជំងឺទឹកនោមផ្អែម លើសឈាម ជំងឺធាត់ លើសខ្លាញ់ និងជំងឺស្ពឹកដៃ ជើងជាដើម ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វ ផ្សាយ ចំណេះដឹង អំពីការ កាត់បន្ថយការពិសាអាហារ ភេសជ្ជៈផ្អែម តាមរយៈការអនុវត្ដសុខុមាលភាពទីកន្លែង ដោយមាន ការចូល ជាអធិបតីភាព ពីលោកស្រី កែវ សុខពិសី អភិបាលរងរាជធា នីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋ មកពី១២ខណ្ឌ និងសង្កាត់ ១០៥ សង្កាត់ ប្រារព្ធធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន កាលពីថ្ងៃព្រហស្បតិ៏ ១២ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទិ៣១ ខែមករា ឆ្នាំ២០១៩ ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ពីពេលនេះតទៅរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការផ្តួចផ្តើមថ្មីមួយ ស្ដីពីការបញ្ជ្រាបការយល់ដឹងពីការ កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម ជាសកម្មភាពមួយ នៃភាពជាដៃគូ ដើម្បីសុខមាលភាពទីក្រុង ដែលជាបណ្ដាញពិភពលោកនៃទីក្រុង ខិតខំកាត់បន្ថយជំងឺមិនឆ្លង និងរបួស។
លោកស្រី បានបញ្ជាក់ថា៖ ភាពជាដៃគូត្រូវបានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ២០១៧ និងដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង និងអតីតអភិបាលក្រុងញូវយ៉ក Michael Bloombemg ។ លោកស្រី បន្ថែមថា៖ ដើម្បីកាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺ សរសៃ ឈាមបេះដូង រដ្ឋបាលរាជធានីភ្នំពេញ បញ្ជ្រាបការយល់ដឹងអំពីការកាត់បន្ថយ ការទទួលទានភេសជ្ជៈ ផ្អែម ក្នុងចំណោមប្រជា ពលរដ្ឋកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសផ្តោតទៅ លើ សិស្សសាលា ដោយត្រូវបានបង្ហាញនៅលើប៉ាណូធំៗ តាមមហាវិថី ជាច្រើន នៅរាជធានីភ្នំពេញផងដែរ ។
បើតាមលទ្ធផល នៃការអង្កេតជាមូលដ្ឋានអំពីការប្រើប្រាស់ភេសជ្ជៈ ផ្អែម ក្នុងចំណោមប្រជាជននៅរាជធានីភ្នំពេញ ដែលធ្វើបទបង្ហាញដោយ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ គោលបំណងនៃការធ្វើអង្កេតនេះ ដើម្បីប៉ាន់ប្រមាណឥយាបថ នៃការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកំណត់ពីឥរិយាបថ នៃអ្នកប្រើប្រាស់ភេសជ្ជៈ ផ្អែម ក្នុងការវាយតម្លៃចំណេះដឹងអំពីភេសជ្ជៈ ផ្អែម និងផលប៉ះពាល់សុខភាព ដែលបណ្តាលមកពី ភាពជាក់ស្ដែង ហើយកំណត់ពីការធ្វើលំហាត់ប្រាណ អំពីមតិរបស់សាធារណៈជនឆ្ពោះទៅរកគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល ។
ចំនួនអ្នកចូលរួមក្នុងការសិក្ខា សាលា មានចំនួន៩១៧នាក់ មកពី ១២ខណ្ឌ និងសង្កាត់ ១០៥ ក្នុងរាជធានីភ្នំពេញ។ សិក្ខាកាម ដែលអញ្ជើញមកទទួលចំណេះដឹងថ្ងៃនេះ ត្រូវបានរៀបចំដោយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងសហការពី មជ្ឈ មណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល។ ក្នុងបទបង្ហាញក៏បានបញ្ជាក់ថា៖ ពេលដែលទទួលទានភេសជ្ជៈ ផ្អែម ធ្វើឲ្យពួកយើងមានអារម្មណ៍មិនឃ្លាន និងបរិភោគតិចជាងមុន។ ជាមធ្យមសូដា ភេសជ្ជៈ ផ្អែម១កំប៉ុង មានជាតិស្ករប្រមាណ១០ស្លាប ព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ៦ស្លាបព្រាកាហ្វេ ក្នុង១ថ្ងៃ។
ការបរិភោគភេសជ្ជៈ ផ្អែម អាចកើតមានហានិភ័យ ការធាត់ ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូងជាដើម ហើយផលប៉ះពាល់សុខភាព កើតលើប្រជាជនកម្ពុជា អាយុ២៥ ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់២០១៦។ ការអង្កេតសុខភាព លើសិស្សកម្ពុជាក្នុងឆ្នាំ២០១៣ មាន៤២ភាគរយ នៃសិស្សបានផឹកភេសជ្ជៈផ្អែម។
ដោយឡែកទីក្រុង និងប្រទេស ដែលបង្កើតគោលនយោបាយបានដោយជោគជ័យ ក្នុងការកាត់បន្ថយការទទួលទាន ភេសជ្ជៈផ្អែម គឺតាមរយៈការយកពន្ធបន្ថែម លើភេសជ្ជៈផ្អែម, កាត់បន្ថយការផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពលទៅលើការទទួលទានរបស់កុមារ, រៀបចំមន្ទីរពេទ្យគំរូ សាលារៀនគំរូ និងអង្គការដទៃទៀតដែលគាំទ្របរិស្ថាន ចំណីអាហារមានសុវត្ថិភាព ៕