ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករង្វង់មូល នាងកិន្ន ដែលទើបនឹងសាងសង់ បណ្តាលឲ្យហោះទៅម្ខាងទៀត បែកកង់ទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលនាងកិន្ន តាមបណ្តោយផ្លូវអាស៊ាន ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកូរ៉ូលា មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2D. 2209 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវអាស៊ាន ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបើកបុកឡើងឃឿនរង្វង់មូលនាងកេរ ណ៎បណ្តាលឲ្យហោះទៅម្ខាងទៀត បែកកង់មុខទាំងសងខាងទៅមុខលែងរួច ភ្លាមនោះម្ចាស់រថយន្តបានចុះពីរថយន្តគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុវាស់វែង យករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌជ្រោយចង្វារង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ