ខេត្តព្រះសីហនុ៖ តារាចចម្រៀងលោក ឆាយ វីរៈយុទ្ធ ,តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និងមិត្តភ័ក្កិនាងម្នាក់ បានចេញមុខប្រកាសចេញមុខរកស៊ីលក់គម្រោងដីឡូតិ៍តំបន់មួយនាខេត្តព្រះសីហនុ ។ គម្រោងនេះត្រូវពួកគេបញ្ជាក់ថា ចាយទុនប្រមាណជាង២លានដុល្លារអាមេរិក ។
បន្ទាប់ពីកំពូលតារាចម្រៀងល្បីៗនៅកម្ពុជាប្រកាសចេញមុខរកស៊ីលើកជំនាញអចលនទ្រព្យរួចមកពេលនេះ ដល់វេនខាត់ សុឃីម និងឆាយ វីរៈយុទ្ធម្តង ។ ពួកគេបានប្រកាសដឹងពីគម្រោងបើកសម្ពោធលក់ដីឡូតិ៍របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុលើទំហំជាង១០ហិកតា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន GM បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ទៀត ។
តារាចម្រៀង ឆាយ វិរៈយុទ្ធ បានប្រាប់ថា ទោះបីនេះជាការវិនិយោគលើកដំបូងក្នុងវិស័យអចលនទ្រព្យក៏ពិតមែន ប៉ុន្តែលោករំពឹងថា នឹងទទួលជោគជ័យ ព្រោះបច្ចុប្បន្ននេះលោកបានមើលឃើញថា ទីផ្សារទិញលក់ដី គឺមានសន្ទុះខ្លាំងក្លាស្ទើរមិនគួរឲ្យជឿ។ ទីតាំងដែលលោកបានបោះទុនវិនិយោគនេះ គឺជាទីតាំងល្អ ជាតំបន់អភិវឌ្ឍន៍ និងមានឱកាសចំណេញខ្ពស់សម្រាប់បងប្អូនអតិថិជនទិញបន្ត។តារាចម្រៀង រូបនេះបានថ្លែងបន្តទៀតថា ជំនួញលើវិស័យអចលនទ្រព្យលើកដំបូងនេះ មិនប៉ះពាល់ដល់ការងារសិល្បៈរបស់លោកឡើយ។ លោកក៏ចង់ឲ្យអ្នកសិល្បៈរួមអាជីពទាំងអស់ ប្រសិនបើមានឱកាសអាចងាកមកចាប់ជំនួញលើដីធ្លីដូចរូបលោកក៏បាន ព្រោះនេះពេលវេលារកប្រាក់ចំណូលបន្ថែម បន្ទាប់ពីការងារសិល្បៈ។
ចំណែកដៃគូលោកវិញ អ្នកនាង ខាត់ សុឃីម បាននិយាយថា គម្រោងដីឡូតិ៍ដែលអ្នកនាងប្រកាសបើកលក់នេះ មិនមែនអ្នកនាងគ្រាន់តែឈរឈ្មោះដើម្បីយកផលចំណេញនោះទេ ពោលគឺអ្នកនាងបោះទុនទិញដូរជាមួយតែម្ដង ដោយអ្នកនាងមានហ៊ុន២៥ភាគរយ លោក ឆាយ វិរៈយុទ្ធ ២៥ភាគរយ និងក្រុមហ៊ុន GM ដែលមានបទពិសោធន៍ពុះលក់ដីឡូតិ៍លក់ជាយូរមកហើយ មានហ៊ុន៥០ភាគរយ។ អ្នកនាងខ្លួនមិនធ្លាប់ស្រមៃថា បានក្លាយជាម្ចាស់គម្រោងពុះដីឡូតិ៍លក់ជាទ្រង់ទ្រាយធំបែបនេះ ពីមុនមកទេ ដោយអ្នកនាងប្រកាសថា ទំហំដី៥ គុណ២០ ដែលបានដាក់លក់ គឺជាគម្រោងមួយដ៏ប្រសើរ សម្រាប់អ្នកចង់វិនិយោគលើវិស័យដីធ្លី ហើយសមល្មមសម្រាប់អ្នកមានធនធានមធ្យម។
បើតាមលោក ហ្គានី ម្ចាស់ភាគហ៊ុនធំបានបញ្ជាក់ថាគម្រោងវិនិយោគលើដីនេះទំហំជាង ១០ហិកតា ស្មើនឹងជាង ៧០០ឡូតិ៍។ ដោយឡែកទុនវិនិយោគលើគម្រោងនេះ ដល់ទៅជាង២លានដុល្លារអាមេរិកឯណោះ។ ទន្ទឹមនឹងដំណើរគម្រោងដំបូង ពួកនាង គ៏បានរៀបគម្រោងទី២បណ្ដើរៗទៀតហើយ ក្រោយពីគម្រោងទី១ចាប់ផ្ដើមមានផ្លែផ្កាទៅហើយ៕ វឌ្ឍនា