ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានរោងភាពយន្តលេជេនហេរីថេកវ៉ក នៅខេត្តសៀមរាប នឹងរួមចំណែកពង្រីកទីផ្សារភាពយន្តខ្មែរ

ចែករំលែក៖

ខេត្តសៀមរាប៖ រោងភាពយន្តលេជេនហេរីថេកវ៉ក នៅខេត្តសៀមរាប (សាខាទី៦) នៅក្នុងមជ្ឈមណ្ឌលហេរីថេកវ៉ក ជាន់ទី៣ ត្រូវបានប្រកាសបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។ វត្តមានរោងភាពយន្ត ទំនើបថ្មីនេះ នឹងជួយពង្រីកទីផ្សារភាពយន្តខ្មែរឲ្យកាន់តែមានសន្ទុះ ប្រកបដោយភាពប្រកួតប្រជែង។

ការឈានជើងរបស់រោងភាពយន្តលេជេនចូលទៅក្នុងខេត្តសៀមរាបនេះ មិនត្រឹមតែ បានបង្ហាញអំពីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជានៅក្នុងខេត្តទេសចរណ៍មួយនេះប៉ុណ្ណោះនោះទេ វាក៏បានកែប្រែមុខមាត់ខេត្តមួយនេះអោយកាន់តែមានភាពស៊ីវីល័យនិងមានភាពអ៊ូរអរចម្រុះពណ៍ជាងមុនបន្ថែមទៀត។

រោងភាពយន្តទំនើបនេះមានទីតាំងនៅក្នុងមឈ្ឈមណ្ឌលកំសាន្តហេរីថេកវ៉ក ជាន់ទី៣ តាមបណ្តោយផ្លូវជាតិលេខ ៦អានេះ មានសាលសរុបចំនួន ៥ ដែលសាលទី៥ មានឈ្មោះថា Smart Hall VIP។ Smart Hall VIP គឺជាប្រភេទសាលប្រណីតលំដាប់VIP សម្រាប់បំពេញតម្រូវការចំពោះអតិថិជនដែលចូលចិត្តភាពឯកជនលក្ខណៈបែបអភិជន។ សរុបទាំង៥ សាលនេះ រោងភាពយន្តលេជេនហេរីថេកវ៉កអាចមានលទ្ធភាពផ្ទុកចំនួនមនុស្សរហូតទៅដល់ ៧០០ នាក់រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។

រោងភាពយន្តលេជេននៅខេត្តសៀមរាបនេះ គឺជាសាខាទីប្រាំមួយដែលក្នុងនោះ ៥សាខាទៀតដែលមានដូចជា រោងភាពយន្តលេជេនស៊ីធីម៉ល រោងភាពយន្តលេជេនធីខេ រោងភាពយន្តលេជេនមានជ័យ រោងភាពយន្តលេជេនព្រីមមៀម និង រោងភាពយន្តអេដិនមានទីតាំងនៅទីក្រុងភ្នំពេញទាំងអដស់។ទាំងប្រាំមួយទីតាំងនេះបួកបញ្ចូលគ្នា រោងភាពយន្តលេជេនមានចំនួនសាលរហូតទៅដល់ ៣១សាលដែលមានលទ្ធភាពអាចផ្ទុកមនុស្សបានរហូតទៅដល់ច្រើនជាង៣០០០នាក់ រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ នេះអាចបញ្ជាក់បានថារោងភាពយន្តលេជេនគឺជារោងភាពយន្តធំនិងឈានមុនគេនៅក្នុងប្រទេសកម្ពុជារហូតមកទល់ពេលនេះ។ ហើយក្នុងនោះផងដែរ រោងភាពយន្តលេជេនបានបង្កើតការងារដល់បងប្អូនប្រជាជនកម្ពុជាបានចំនួនសរុប២៨៥នាក់ សរុបមកទល់ពេលនេះ។

លោក តែ សុង អគ្គនាយករោងភាពយន្ត លេជេនបានបញ្ជាក់ថាការបង្ហាញវត្តមានរោងភាពយន្តទំនើបថ្មីនៅលើទឹកដីនៃខេត្តសៀមរាបស្របទៅនឹងតម្រូវការនៃការនិយមចូលចិត្តទស្សនាភាពយន្តរបស់ទស្សនិកជនពិសេសយុវវ័យ។អ្វីដែលគូរអោយកត់សម្គាល់នោះ រោងភាពយន្តលេជេននឹងមានគម្រោងនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់វិស័យរោងកុននេះដែលធ្វើអោយរោងកុនលេជេនមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងរោងកុនក្នុងបណ្តាប្រទេសអភិវឌ្ឍទាំងឡាយ ដូចជាបច្ចេកវិទ្យា Screen X ឬ Giant Screen ជាដើម។

សម្រាប់ពេលបច្ចុប្បន្ន រោងភាពយន្តលេជេនត្រូវបានបំពាក់បច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធសម្លេង dolby-atmos ជាបច្ចេកវិទ្យាចុងក្រោយបំផុត ជាមួយនឹងផ្ទាំងស្រ្គីនឡាស៊ែច្បាស់ត្រជាក់ភ្នែក។

លោកលើកឡើងដែរថារោងភាពយន្តថ្មីបន្តទៀតនឹងអាចពង្រីក ទៅដល់១០ទីតាំងនៅចុងឆ្នាំ២០១៩នេះ ដែលចំនួនសាលនឺងកើនឡើងដល់៤៧សាលហើយមានវិសាលភាពគ្របដណ្តប់បន្ថែមទៀតទាំងនៅទីក្រុងភ្នំពេញនឹងបណ្តាខេត្តដែលមានសក្តានុពលមួយចំនួនទូទាំងប្រទេសកម្ពុជាដូចជាក្រុងព្រះសីហនុ ខេត្តបាត់តដំបង ខេត្តកំពង់ចាមជាដើម។

លោកថា ការរីកចម្រើនរបស់រោងភាពយន្តលេជេននេះ គឺជាឱកាសមិនអាចប្រកែកបានក្នុងការជម្រុញ អោយវិស័យភាពយន្តក្នុងស្រុកកាន់តែមានភាពប្រសើរឡើង ដោយរាល់ការបន្ថែមទីតាំងនឹងសាលរបស់រោងភាពយន្តម្តងៗនឹងធ្វើអោយភាពយន្តក្នុងស្រុកមានទីផ្សារកាន់តែច្រើនជាងមុនក្នុងការដាក់បង្ហាញវណ្ណកម្មរបស់ខ្លួន ដែលអាចធ្វើអោយផលិតករក្នុងស្រុកទទួលប្រាក់ចំនួលបន្ថែមដើម្បីអភិវឌ្ឍគុណភាពភាពយន្តរបស់ខ្លួនអោយសមស្របទៅតាមការរីកចម្រើនរបស់រោងកុន។

លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ក្នុងឱកាសនេះថាការបង្កើតរោងភាពយន្តទំនើបថ្មីនៅពេលនេះមិនត្រឹមតែជាវឌ្ឍនភាពសម្រាប់រោងភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រីកបន្ថែលើទីផ្សារភាពយន្តក្នុងស្រុក ដើម្បីពង្រីកគុណភាពភាពយន្តនៅកម្ពុជាផងដែរ។ លោកថាទស្សនិកជន ពិសេសយុវជនដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។ លោកថាបច្ចុប្បន្នរោងភាពយន្តនៅកម្ពុជាទទួលភ្ញៀវបានប្រមាណជាង៣លាននាក់ក្នុងមួយឆ្នាំៗ ខណៈដែលការផលិតភាពហន្តក្នុងស្រុកក៏មានការកើនឡើងទាំងបរិមាណ និងគុណភាព។

គួរបញ្ជាក់ដែរថា ការបើកសម្ភោធជាផ្លូវការនេះក៏នឹងមានការចាក់បញ្ចាំងរឿងល្បីៗចំនួន៧ដែលបានដាក់បញ្ចាំងនឹងទទួលបានការគាំទ្រ ជាថ្មីម្តងទៀតចាប់ពីម៉ោង១រសៀល សម្រាប់អ្នកគាំទ្រលេជេននឹងអ្នកនិយមមើលកុនទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី១ ខែកុម្ភៈនេះតែម្តង។ អ្វីដែលធ្វើអោយមានភាពកាន់តែអធិកអធមជាងនេះទៅទៀតនោះ នៅល្ងាចថ្ងៃដដែលចាប់ពីម៉ោង៧ល្ងាចតទៅ រោងភាពលេជេនក៏នឹងរៀបចំ អោយមានការប្រគុំតន្ត្រីពិសេស ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាកញ្ញាវីឌីណែត លោក G-Devith និង លោក វ៉ាន់ដាផងដែរ។

ការប្រគំតន្ត្រីនេះក៏មានការចាប់រង្វាន់ពិសេសធំ iPhone 8 plus, ក៏ដូចជាកាតសមាជិករបស់រោងភាពយន្តលេជេនដែលអាចទស្សនាភាពយន្តរយៈពេលពេញមួយឆ្នាំ និង រង្វាន់ផ្សេងៗទៀតជាច្រើន ៕ វឌ្ឍនា


ចែករំលែក៖