ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ធសាសនា ខ្មែរឥស្លាម ខ្មែរគ្រីស្ទសាសនា និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬ ព្រួយបារម្ភអ្វីឡើយ។
សម្តេចតេជោ មានប្រសាសន៍បន្តថា “ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ធពិធីបុណ្យតូចធំអ្វីឡើយ”។
ហ្វេសប៊ុកផេកសម្តេចតេជោ នៅថ្ងៃទី៣ ខែកុម្ភៈ នេះ សរសេរថា”សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ”។
សម្តេចតេជោ សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ៕ ចេស្តា