ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកព្រឺទ្ធសភាបារាំង សន្យាតស៊ូមតិ ជាមួយប្រទេសនៅសហភាពអឺរ៉ុប ផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ទាក់ទងនឹងដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសសិទ្ធមនុស្ស និងប្រជាធិបតេយ្យ សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជំរាបជូន លោកស្រី កិត្តិសង្គហបណ្ឌិតម៉ែន សំអន ថា៖ លោក នឹងជួបពិភាក្សាបន្តបន្ទាប់ជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញ នៃការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៅក្រោយជំនួបពិភាក្សារវាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយ ឯ,ឧ ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា កាលពីល្ងាចសៅរ៏១៣រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។

លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានបញ្ជាក់ថា៖ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោក នៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ លោក បានមើលឃើញច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា ទាំងល្បឿននៃការអភិវឌ្ឍ ការរីកចំរើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគឺមានភាពធូរធារ ពិសេសឃើញពីភាពសុខសានរបស់ប្រជាជនកម្ពុជា ដែលផ្ទុយពីការលើកឡើងរបស់បុគ្គលមួយចំនួនជាប្រទេសសមាជិកសហភាពអឺរ៉ុប ថា គ្មានការគោរពសិទ្ធិមនុស្ស និងមិនមានលទ្ធិប្រជាធិបតេយ្យ ។

សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានចាត់ទុកថា៖ ការលើកឡើងទាំងអស់ខាងលើ ជាលេសពិត ប្រាកដដើម្បីដាក់គំនាបមកលើប្រទេសកម្ពុជា ក្រោមការជំរុញពីសហរដ្ឋអារិក តាមរយៈការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ដែលជាក់ស្តែងនៅចំពោះមុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា ។

លោកបន្តទៀតថា៖ បើនិយាយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងប្រទេសនៅអឺរ៉ុបនិងនៅប្រទេសប្រជាធិបតេយ្យមួយចំនួនទៅទៀត ដែលប្រទេសខ្លះមានការឡើងកាន់ អំណាចមិនមានការបោះឆ្នោតផង ហេតុអីគេមិននិយាយ មកនិយាយតែកម្ពុជា គ្រាដែលការបោះឆ្នោតគ្រប់អាណត្តិនៅកម្ពុជា មានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ពិសេសការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលជាការបោះឆ្នោតអាណត្តិទី៦ កម្ពុជាមានគណបក្សរហូតដល់ទៅ២០ចូលរួម និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយឯណោះ ។

លោក សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានធ្វើការប្រៀបធៀបចំៗ ទៅនឹងប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលមិនបានគោរពអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សពេញលេញនៅឡើយទេមកដល់ពេលនេះ តែបែរជាបណ្តាប្រទេសនៅក្នុងអឺរ៉ុបខ្លួនឯង និងសហរដ្ឋអាមេរិក ធ្វើមិនដឹងមិនឮទៅវិញ ។

ជាចុងក្រោយ លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សន្យាជាមួយលោកស្រី ម៉ែន សំអន ថា៖ នឹងបន្តជួបពិភាក្សាបន្តបន្ទាប់ជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញពីការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)មកលើកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស។ ដូចនេះ សហភាពអឺរ៉ុប គួរតែពិនិត្យរួមគ្នា ដើម្បីបន្ថយកំដៅនយោបាយ ហើយឯ,ឧសមាជិកព្រឹទ្ធសភាបារាំងរូបនេះថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសំរេចរបស់តុលាការ មិនមែនជាការសំរេចរបស់រាជរដ្ឋាភិបាលនោះទេ ។

ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជា លើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលកំពុងមានភាពល្អប្រសើរ នៅកម្ពុជា ។

លោកស្រីថា៖ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់អស់ជិតបីទសវត្សរ៍ មកជាប្រទេសមានសន្តិភាព និងមានឱកាសបន្តការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនបន្តទៀត ហើយក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីសមរភូមិ ទៅជាទីផ្សារដ៏ទាក់ទាញ និងពីប្រទេសដែលមានការអភិវឌ្ឍតិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប។

លោកស្រី ម៉ែន សំអន បានបន្តថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបន្ថែមទៀត ក្នុងការពង្រឹងសន្តិភាព ការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់ គ្រប់រូបភាព ដើម្បីប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ព្រោះ២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ ហើយកាលពីចុងឆ្នាំ២០១៨ និង ដើមឆ្នាំ ២០១៩ ប្រជាជនកម្ពុជាបានចូលរួមអបអរសាទរ នូវព្រឹត្តិការជាប្រវត្តិសាស្ត្រចំនួន៣ធំៗ ដែលក្នុងនោះមាន ព្រិត្តិការរំលឹកខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងសម្ភោធវិមានឈ្នះ ឈ្នះពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃបង្កើតរណៈសិរ្សសង្គ្រោះជាតិកម្ពុជា និងព្រឹត្តិការខួបលើកទី៤០ឆ្នាំ នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា នាថ្ងៃជ័យជំនះ៧មករា ១៩៧៩ ។

សូមរំលកថា៖ នៅក្នុងដំណើរទស្សនកិច្ច របស់លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា នៅកម្ពុជានាពេលនេះ ក៏មានការចូលរួមដំណើរដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស លោកសាត វិច្ឆិកា ប្រធានសមាគមកុមារជ័យ និងលោក Pascal Babinអនុប្រធានសមាគម ហើយប្រតិភូនេះ នឹងទៅទស្សនកិច្ចនៅខេត្តសៀមរាប និងបន្តនាំយកមូលនិធិមួមចំនួនរបស់សមាគមកុមារជ័យ ដើម្បីផ្តល់ដល់កុមារ នៅខេត្តបន្ទាយមានជ័យ ផងដែរ ៕ សំរិត


ចែករំលែក៖