ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ធំ និងក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃក្បាលដីទំនាស់ រវាងប្រជាពលរដ្ឋ៨២គ្រួសារ នឹងរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យ និងវាយតម្លៃ ក្បាលដីមានទំនាស់ រវាងប្រជាពលរដ្ឋ៨២គ្រួសារ ជាមួយរដ្ឋបាលព្រៃឈើ កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានអភិបាលរង ខេត្តកំពង់ធំ គឺលោក សុខហៃ និងក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ ក្នុងសហគមន៍សាលាឆ្តោ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យដីនេះ ជាក់ស្តែង លោកសុខហៃ បានបញ្ជាក់ថា លោកនឹង រៀបចំឯកសារបើក ប្រជុំដើម្បីដាក់ជូនទៅអភិបាលខេត្ត សុំគោលការណ៍ពិនិត្យម្តងទៀត និងដោះស្រាយ ។

ទន្ទឹមគ្នានេះ លោកពូ រ៉ុន បានបង្ហាញថា ដីនេះជាដី របស់គាត់នៅតំបន់ស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ កាន់កាប់ពីមុនមក ហើយបានទិញពីឈ្មោះ លាន គុណឡាំ មានឯកសារទិញលក់ត្រឹមត្រូវ នៅក្នុងឆ្នាំ ២០០៣ និង២០០៥ ក្រោយមក រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្កបានមកកាប់បំផ្លាញដំណាំអស់ចំនួន ១៤ហិចតា ។

លោកបានបន្តថា ចំពោះដីដែលបានឈូសឆាយដាំដំណាំនេះ គឺមានដំណាំចន្ទី ចាស់ៗនៅលើដីស្រាប់ហើយខ្ញុំបានផ្លាស់ប្ដូរមកដាំដំណាំថ្មី បានដាំចន្ទីថ្មីម្តងទៀត ពេលនោះក្រុមរដ្ឋបាលព្រៃឈើបានមកកាប់បំផ្លាញដំណាំរបស់គាត់ ជាលើកទី២ ទៀត ហើយលិខិតរបស់តុលាការ ពួកគាត់បានទុកមិនចាត់ការ ពួកគាត់បានពឹងផ្អែកតែទៅលើឯកសារដែលគាត់ មានពីមុនមក គាត់បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់ដីឲ្យគាត់វិញ ព្រោះគាត់គ្មានអ្វី ក្រៅពីដីនេះទេ។

លោក ប៊ុន សុធី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានលើឡើងថា ដីព្រៃសហគមន៍ ជាដីសាធារណៈរបស់រដ្ឋ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ថា មិនមែនជាដីកម្មសិទ្ធិរបស់ជនណាម្នាក់នោះទេ ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ផ្ដល់សិទ្ធិទៅឲ្យប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីព្រៃសហគមន៍សម្រាប់គោលបំណង កាត់បន្ថយភាពក្រីក្រ និងអភិរក្សព្រៃឈើផងដែរ. អញ្ចឹងព្រៃសហគមន៍ មិនមែនមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ព្រៃឈើនោះទេ គឺប្រជាពលរដ្ឋពួកគាត់មានសិទ្ធិប្រើប្រាស់ដីព្រៃសហគមន៍នេះស្របទៅតាមច្បាប់ស្ដីពីព្រៃឈើ ហើយនិងផែនការគ្រប់គ្រងព្រៃសហគមន៍ ប៉ុន្តែប្រជាពលរដ្ឋមិនអាចយកដីនេះទៅលក់ឬប្រគល់ទៅឲ្យបុគ្គលណាម្នាក់នោះជាដាច់ខាត ហើយទីតាំងនេះគឺរដ្ឋបាលព្រៃឈើបាន រាយការណ៍ទៅកាន់ស្ថាប័នតុលាការហើយដោយសារដីនេះបានកាប់រាននៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ ដូច្នេះក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ មន្ត្រីនគរបាលយុត្តិធម៌ ជួយគ្រប់គ្រង ទៅលើវិស័យព្រៃឈើនិងសហគមន៍ គឺបានធ្វើចំណាត់ការនិងបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នតុលាការ ដោយសារដីនេះជាគឺជាដីរបស់រដ្ឋ ថ្វីត្បិតតែគ្រប់គ្រងដោយសហគមន៍ក៏ពិតមែនវានៅតែជាដីរបស់រដ្ឋ ការការពារផលប្រយោជន៏របស់រដ្ឋគឺមានស្ថាប័នរដ្ឋបាលព្រៃឈើនិងអ្នកជួយការពារនូវដីព្រៃរបស់រដ្ឋ ហើយនៅលើដីនេះ រដ្ឋបាលព្រៃឈើបានដាំដើមឈើមួយចំនួន តែត្រូវបានជនល្មើសបានកាត់និងដកកូនឈើនោះចោលទៀត បើពិនិត្យមើលទៅតាមនីតិវិធីរបស់ច្បាប់ វាជាបទល្មើសមួយហើយពីព្រោះគាត់បានបំផ្លាញ កូនឈើដែលមន្ត្រីមានសមត្ថកិច្ចជាអ្នកដាំ ហើយចំពោះទីតាំងនេះគឺមានផ្ទៃដីចំនួន ៣០ ហិកតា បើសិនជាគាត់ជាប្រជាពលរដ្ឋក្រីក្រ គឺមិនអាចកាន់កាប់ដីទំហំធំបែបនេះបានទេ? ពីព្រោះថាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ គឺមានដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ខ្វះខាតដីពិតប្រាកដ. មានឯកសារពីឯកឧត្តមអភិបាលខេត្ត គឺលោកបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និងដោះស្រាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖