ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក៏បត់លឿន ម៉ូតូក៏ជិះលឿន ហើយបានបុកគ្នាពេញទំហឹង ប្រុស ស្រី២នាក់ រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿង ជិះដោយយុវជនប្រុស ស្រីពីរនាក់ បុកចំផ្នែកខាងមុខ រថយន្តពេញទំហឹង បណ្តាលឲ្យផ្ទប់កញ្ចក់រថយន្ត ធ្វើឲ្យយុវជនម្នាក់បាក់ជើងស្តាំ របួសធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញនារីម្នាក់បើកថយន្តមួយគ្រឿងម៉ាកTOYOTA CELlCA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0211 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ៤៣២ បានបន្តិច ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែង 1O-8918 ជិះដោយយុវជនប្រុសស្រីពីរនាក់ បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលជនរងគ្រោះបោកក្បាលផ្ទប់កញ្ចក់រថយន្តខាងមុខរងរបួសយុវជនម្នាក់បាក់ជើងស្តាំម្ខាងរបួសធ្ងន់ ចំណែកនារីម្នាក់ទៀត រងរបួសដៃស្តាំម្ខាង ស្រាល បន្ទាប់មក ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តឃើញសភាពមិនស្រួល បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖