ខេត្តស្វាយរៀង៖ បុគ្គលិកផ្នែកអនាម័យ បម្រើការងារក្នុងកាស៊ីណូពិភពថ្មីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាយកើមប្រេងខ្យល់វាយក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ដោយខឹងជនរងគ្រោះដាក់ទឹកសាប៊ូចូលទឹកថ្នាំរបស់ខ្លួន។
ការប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច នៅថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាគារស្នាក់នៅបុគ្គលិក កាសុីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ឹង ឡេង អាយុ២៧ឆ្នាំ មុខរបរកម្មករ អនាម័យនៅកាសុីណូពិភពថ្មី មានទីលំនៅភូមិថ្មី ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ចំណែកជនរងគ្រោះដែលជាបុគ្គលិកផ្នែកអនាម័យដូចគ្នាមាន ឈ្មោះ កែវ ទិត្យ អាយុ២៣ឆ្នាំ មុខរបរកម្មករអនាម័យនៅកាសុីណូពិភពថ្មីមានទីលំនៅភូមិសំឡត្រាវ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា តាមចម្លើយរបស់ជនសង្ស័យបាន សារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ខណៈខឹងជនរងគ្រោះដែលបម្រើការងារជាមួយគ្នា បានយកទឹកសាប៊ូចាក់ចូលទឹកថ្នាំរបស់ខ្លួន ទើបទ្រាំមិនបានក៏បានយកដើមប្រេងខ្យល់វាយ ទៅលើក្បាល១ដំបង បណ្ដាលឲ្យរងរបួសដោយត្រូវគ្រូពេទ្យដេអស់៨ថ្នេរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន