ខេត្តស្វាយរៀង៖ ងៀតបបែល និងជ្រក់ស្ពៃ ដែលមានសារធាតុអាស៊ីដសាលីស៊ីលិក ដែលវាអាចបំផ្លាញក្រពះពោះវៀនត្រូវបានមន្ត្រីជំនាញកាំកង់ត្រូលរកឃើញជាច្រើន គីឡូក្រាមបង្កការភ្ញាក់ផ្អើល ដល់ភ្ញៀវ ដែលចូលផ្សារវាលយន្ត នាំគ្នាឈរមើលយ៉ាងច្រើនកុះករ ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងផ្សារវាលយន្ត សង្កាត់ប៉ោយប៉ែត ក្រុងស្វាយរៀង ខណៈមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារដោយផ្តោតសំខាន់ទៅលើគ្រឿង ឧបភោគ បរិភោគប្រចាំថ្ងៃ នៅផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋមចំនួន១២មុខ ទំនិញ ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀត បបែលចំនួន៥,៥គីឡូក្រាម និងជ្រក់ស្ពៃចំនួន៦គីឡូក្រាម ដែលមានសារធាតុអាស៊ីតសាលីស៊ីលិក ដែលវាអាចបំផ្លាញក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ ។
ក្រោយរកឃើញ មន្ត្រីបានយកទៅដុតកម្ទេចចោល ក្នុងនោះមន្ត្រីកាំកុងត្រូល ក៏បានពិនិត្យមើលកាលបរិច្ឆេទទៅលើមុខទំនិញ ដែលដាក់តាំងលក់នៅតាមតូបនានា ក្នុងផ្សារវាលយន្តព្រមទាំងចុះ ទៅពិនិត្យមុខទំនិញនៅកន្លែងតាំងពិព័រណ៌ពាណិជ្ជកម្មថៃនៅក្រុងស្វាយរៀងផងដែរ។
ជាមួយគ្នានោះ លោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕ យឹម សុថាន