ព័ត៌មានទាន់ហេតុការណ៍៖

ខឹងកូនខ្លួនឯងជេរប្រមាថ បុរសជាឪពុកយកដែកជ្រុងវាយសំពង រហូតបាត់បង់ជីវិត

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់ហ៊ានយកដែកជ្រុងមកវាយសំពងកូនប្រុសខ្លួនឯង រហូតស្លាប់បាត់បង់ជីវិត ព្រោះតែខឹងនឹងកូនជេរប្រមាថមើលងាយ ។ ករណីខាងលើនេះបានកើតឡើងកាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៦និង ៣០នាទី នៅផ្ទះ ជនសង្ស័យ ស្ថិតក្នុងភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ផង់ ជាង ភេទ ប្រុស អាយុ៦៨ឆ្នាំ មុខរបរ កសិករ រីឯជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ដំបងដែកបួនជ្រុង ប្រហោងក្នុង រាងជា លេខ៧ ប្រវែង ១,១០ គុណ ២,៥ សង់ទីម៉ែត្រ មានប្រឡាក់ឈាម , ដំបងឈើសំប៉ែត ចុង ស្រួច ប្រវែង១ម៉ែត្រ ទំហំ២គុណ៦សង់ទីម៉ែត្រ , អាវដៃវែង ក្រណាត់ពណ៌ ផ្ទៃមេឃ និងខោខ្លី ប្រភេទកីឡាពណ៌ ទឹកដោះគោ មានឆ្នូត ចំហៀង៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យ ស្លៀកធ្វើសកម្មភាព ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុថ្ងៃទី១០ ខែកុម្ភៈ ២០១៩ វេលាម៉ោង១៨នឹង៣០ នាទី ជនសង្ស័យជាឪពុកឈ្មោះ ផង់ ជាង បាន ទៅហូបការគេជាមួយចៅស្រី អាយុ៤ឆ្នាំ នៅ ក្នុងភូមិដោយផឹកស្រាបៀរអស់២កំប៉ុង រហូត ដល់ម៉ោង២០នឹង១០នាទី ទើបត្រឡប់មកផ្ទះវិញ ដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែង ពណ៌ផ្ទៃមេឃ ស្លៀកខោជើងខ្លី រួចក៏ចូលដេក ក្នុងបន្ទប់ក្រោមផ្ទះ ខណៈកំពុងដេកនៅវេលា ម៉ោងប្រហែល២នឹង២០នាទីរំលងអធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិដែរ ក៏ស្រែក ឡូឡា ជេរឌៀលទៅលើជនសង្ស័យជាឪពុកនូវពាក្យអស្សរោះ បន្ថោក ខណៈនោះបុរសជាឪពុកបានតបវិញថា ៖ ឡូឡាអី ស្មើនឹងហើយ មិនចូល ដេក ភ្លាមនោះជនរងគ្រោះខឹង ស្រាប់តែស្ទុះ យកដំបងឈើ ជ្រុងវាយជនសង្ស័យជាឪពុក តែ ឪពុកគេចផុត រួចជនរងគ្រោះនៅបន្ត ជេរទៅលើជនសង្ស័យជាឪពុកដដែលៗ ជាហេតុធ្វើឲ្យឪពុកទ្រាំពុំបាន ឆ្លៀតជនរងគ្រោះដើរទៅដេកលើ អង្រឹងក្រោមផ្ទះ ជនសង្ស័យ ក៏ចូលក្នុងបន្ទប់ ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជន រងគ្រោះ រហូតដល់ស្លាប់ រួចបោះដែកចោល ទៅខាងលិចផ្ទះ ហើយបានចូលសម្រាក រហូត ទល់ភ្លឺ លុះព្រឹកឡើង មានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញ និងរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញខេត្ត ចុះមកធ្វើការពិនិត្យ ឃើញថា សាកសពដេកផ្កាប់មុខ ក្បាលបែរទៅ ទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ ដោយមាន ស្នាមរបួសលើថ្ងាស ចំហៀងខាងស្តាំ៦កន្លែង ផុងបែកលលាដ៍ក្បាល បាក់ក្ដោងច្រមុះ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ។ បន្ទាប់ពីធ្វើការសន្និដ្ឋានចប់ នគរបាលជំនាញបានកសាងសំណុំរឿងធ្វើការស្រាវជ្រាវរហូតរកមុខជនសង្ស័យបាននៅ ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចក្រោមផ្ទះ ជនរង គ្រោះ និងជនសង្ស័យបានប្រព្រិត្តបទល្មើស ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យសារភាពថា មូលហេតុដែលខ្លួនសម្លាប់ព្រោះតែខឹងកូនជេរប្រមាថខ្លួនជាឪពុកញឹកញាប់ ដោយ ទ្រាំមិនបាន ក៏ចាត់ការវាយកូនចំនួន ៣ ដំបង ដែក ខណៈកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ប្រកាច់ធ្លាក់មកស្លាប់នៅលើដីក្រោមផ្ទះតែម្ដងទៅ ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំង ជំនាញ បាន កសាង សំណុំរឿង ដើម្បី ចាត់ការ តាម នីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖