ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់​បើករថយន្ដ​ LEXUSបានផ្ទុះបែកកង់មុខ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ២ និងប៉ះរថយន្តផ្សេងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានបើករថយន្ដ​ LEXUS RX330 តាមផ្លូវជាតិលេខ២សុខៗ ស្រាប់តែផ្ទុះបែកកង់មុខផ្នែកខាងឆ្វេង​ បណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មក្បាលពុះចែកទ្រូងផ្លូវ បាក់អស់៣ផ្ទាំង​ និងខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿង​ទៀត​ បណ្ដាលឲ្យរងការខូចខាត​បន្តិចបន្តួច ប៉ុន្តែរថយន្តបង្កបានរងការខូចខាតខ្ទេចផ្នែកមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២៖១០នាទី រសៀល​ ថ្ងៃចន្ទ​ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ​​ ឆ្នាំ២០១៩នេះ នៅជិត(រ៉េនក្លឹប ) តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា​២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

យោងតាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យ​ដឹងថា មុនពេលកើតហេតុ​ គេឃើញរថយន្ដបង្ក ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-5798 បើកបរដោយស្ត្រីម្នាក់​ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ រថយន្តបង្ក ក៏បានផ្ទុះបែកកង់មុខផ្នែកខាងឆ្វេង ទើ​បធ្វើ​ឲ្យរេចង្កូតទៅបុករបាំងថ្មក្បាលពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង និងធ្វើឲ្យរបាំងថ្មខូចខាតអស់៣ផ្ទាំង​ ហើយខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿង​ទៀត​ ដឹកឈើ​និងដែកសំណង់ ពាក់ស្លាកលេខភ្នំពេញ​ 2AK-6819 បណ្ដាលឲ្យរងការខូចខាត​ផ្នែកខាងឆ្វេង​តិចតួច ចំណែកឯរថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងឆ្វេងនិងខាងមុខខ្ទេចយ៉ាងដំណំ ។

ក្រោយមកម្ចាស់រថយន្ត NISSAN NAVARA បានបើករថយន្តមកអែបខាងសិន​ ដើ​ម្បីរង់ចាំធ្វើ​ការសម្របសម្រួលជាមួយរថយន្តបង្ក ព្រោះខ្លាចកកស្ទះចរាចរណ៍។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖