ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយឲ្យប្រជាពលរដ្ឋបានដឹង ស្តីពីការអនុវត្តគម្រោងសាងសង់អាងស្តុកទឹកក្រោយដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូពង្វាងទឹកកកខ្វក់ចេញពីទន្លេបាសក់តូចទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ហើយគម្រោងនេះនឹងចាប់ផ្តើមសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០១៩ នេះដោយគ្រោងនឹងបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា ដើម្បីកែលំអរប្រព័ន្ធរំដោះទឹក និងប្រព័ន្ធប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយការលិចលង់ជំនន់ទឹកភ្លៀង ដែលតែងតែបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្នានាក្នុងតំបន់មួយចំនួនក្នុងខណ្ឌចំការមន និង ដូនពេញ ក៏ដូចបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ ដើម្បីពង្វាងទឹកកខ្វក់ចេញ ពីទន្លេបាសក់តូចទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។
គម្រោងនេះបាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩តទៅ និងគ្រោងបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០២០ ក្នុងនោះរួមមាន៖ ១ ជីកដាក់បណ្តាញលូ មេពង្វាងទឹកកខ្វក់ចេញពីទន្លេបាសាក់តូច ទំហំ មុខកាត់១.២ម៉ែត្រ និង១.៥ម៉ែត្រ ប្រវែង២៦៦០ម៉ែត្រ តាមបណ្តោយផ្លូវស ប៊ិត មហាវិថីសុធារស និងកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសក់ និងសង្កាត់បឹងកេងកង១ខណ្ឌចំការមន ។ ២ សាងសង់អាងស្តុកទឹកក្រោមដីដែលមានចំណុះ៣០០០ម៉ែត្រគុប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមទឹក៤.៥ម៉ែត្រគួបក្នុង១វិនាទីនៅសួនច្បារនាគភ្លោះក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ ៣ សាងសង់អាងស្តុកទឹកក្រោមដីចំណុះ១០០ម៉ែត្រគូប និងបំពាក់ម៉ូទ័រស្វ័យប្រវត្តិ ដែលមានសមត្ថភាពបូមទឹក៥០០ម៉ែត្រគួបក្នុង១ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ដើម្បីចាប់ផ្តើមការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានជីកសាកល្បងរកមើលបណ្តាញក្រោមដី នៅចំណុចមួយចំនួននៅលើគន្លងវិថី សប៊ិត មហាវិថីសុធារស និងកំណាត់មហាវិថីម៉ៅសេទុង ដើម្បីបញ្ជៀសផលប៉ះពាល់ជាអតិបរិមា ៕ ជ្រោយពេជ្រ