ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់កសិដ្ឋាននៅអូស្ត្រាលី​ អំពាវនាវដល់រដ្ឋាភិបាលអន្តរាគមន៍ ក្រៅយរងការវាយដោយ រលកកម្តៅ និងគ្រោះទឹកជំនន់​

ចែករំលែក៖

កន្លងមក ថ្មីៗ អូស្ត្រាលីបានទទួលរងការវាយប្រហារដោយរលកកម្តៅ​ ដោយតំបន់ខ្លះ មានស៊ីតណ្ហភាព ជាង​៤៥អង្សាសេ ធ្វើឲ្យសត្វព្រៃ ជាច្រើនបានងាប់ និងកសិដ្ឋានចិញ្ចឹមសត្វ រងផលប៉ះពាល់យ៉ាងខ្លាំង​។ នៅពេលដែល រលកកម្តៅបានឆ្លងផុត ប្រទេសនេះក៏បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់វិញម្តង ។

គ្រោះធម្មជាតិខាងលើ បានធ្វើឲ្យម្ចាស់កសិដ្ឋានជាច្រើន ប្រឈមនឹងកង្វះ​ដើមទុនយ៉ាងខ្លាំង ។ ម្ចាស់កសិដ្ឋានជាច្រើន​បានអំពាវនាវ ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ដើម្បីបន្តសកម្មភាព បើកកសិដ្ឋានឡើងវិញ ​។

កន្លងមក គ្រោះទឹកជំនន់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អូស្ត្រាលី ធ្វើឲ្យក្រុមហ៊ុនចិញ្ចឹមសត្វមួយ ប្រកាសពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសត្វគោចិញ្ចឹម បានរងនូវការលិចទឹក និងត្រូវទឹកហូរកួចយកទៅបាត់ ។ សត្វគោទាំងនោះ មានជាង៣០០,០០០ក្បាល ក្នុងចំណោមរាប់លានក្បាល ។

ទឹកជំនន់បាននិងកំពុងជន់លិចបន្តបន្ទាប់នៅភាគឦសានអូស្ត្រាលី រដ្ឋ Queenslan ក្រោយពីភ្លៀងធំបានធ្លាក់២សប្តាហ៍ជាប់គ្នា ។ នៅតំបន់នេះ គ្រោះរាំងស្ងួតបានញាំញី៥ឆ្នាំកន្លងមកហើយ ប៉ុន្តែដល់ពេលមានភ្លៀងវិញ គឺជន់លិចតែម្តង បង្កជាមហន្តរាយ ខូចខាតផលដំណាំលើផ្ទៃដីច្រើនពាន់ហិកតា។ មនុស្ស២នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវភៀសខ្លួនកាលពីពេលថ្មីៗនេះ ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រុមហ៊ុនកសិកម្មអូស្ត្រាលីបានបញ្ជាក់ថា ទីតាំងរបស់ខ្លួន៤កន្លែង បានរងផលប៉ះពាល់យ៉ាងធ្ងន់ ក្រោយពីទឹកជំនន់ដែលមិនធ្លាប់មាន បាននិងកំពុងវាយប្រហារនេះ ។ សត្វចិញ្ចឹមនៅក្នុងតំបន់ Queensland មានសរុបប្រហែល២៥លានក្បាល ក្នុងនោះ១ក្បាល ក្នុងចំណោម៤០ក្បាល ត្រូវបានសម្លាប់ ដោយសារតែគ្រោះមហន្តរាយនេះ ។

ក្រុមហ៊ុនកសិកម្មអូស្ត្រាលីដដែលបញ្ជាក់ថា ខ្លួនបានបាត់បង់សត្វចិញ្ចឹមជាង៣០០,០០០ក្បាលមកហើយ ដោយសារតែទឹកលិច និងទឹកហូរកួចយកទៅបាត់ ។

កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ការិយាល័យឧតុនិយមអូស្ត្រាលីប្រកាសថា ដងទន្លេវែងបំផុតនៅ Queensland កំពុងតែរងនូវជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ មិនធ្លាប់ជួបប្រទះក្នុងរយៈពេលយ៉ាងតិច៥០ឆ្នាំកន្លងមកនេះ ។ ផ្នែកសំខាន់ខ្លះ នៅតែបន្តរងគ្រោះដោយទឹកជំនន់ ជាពិសេសនៅតាមទីទំនាប់ នៃដងទន្លេ Flinders ហើយវាអូសបន្លាយពេលសប្តាហ៍នេះ រហូតដល់សប្តាហ៍ខាងមុខ ៕


ចែករំលែក៖