ក្រសួងការពារជាតិ អាមេរិក បានប្រកាសថា រុស្ស៊ី និងចិន កំពុងតែអភិឌ្ឍន៍ សព្វាវុធជាច្រើននៅលើលំហរអាកាស ជាការគំរាមកំហែងដល់គោលដៅផ្កាយរណប របស់អាមេរិក ។ អាវុធ ឡាស៊ែរ របស់ចិន និងរុស្ស៊ីពិតជាបានគំរាមកំហែង ដល់ផ្កាយរណបអាមេរិកកំពុងគោចរនៅទីអវកាស ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង មូស្គូ និងប៉េកាំង បាននឹងកំពុងតែបង្កើត អាវុធឡាស៊ែរ ដើម្បីបំផ្លាញផ្កាយរណបរបស់អាមេរិក ។
សកម្មភាពខាងលើបានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអវកាស រវាង អាមេរិក រុស្ស៊ីចិន ។ នៅពេលនេះដែរ រុស្ស៊ីបាន អះអាងថា ក្រុមផ្កាយរណបអង្កេតទីអវកាសរបស់អាមេរិក កំពុងចល័តទ្រង់ទ្រាយធំ មិនធ្លាប់មាននៅជុំវិញភពផែនដី ។
សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានដកសម្រង់របាយការណ៍ របស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center បញ្ជាក់ថា រុស្ស៊ីចាប់បានសញ្ញា នៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធីអង្កេត ស្ថានភាព ភូមិសាស្ត្រ នៃទីអវកាសអាមេរិក Geosynchronous Space Situational Awareness Program ឬហៅកាត់ថា GSSAP របស់អាមេរិក ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី ។
យោងតាមឯកសាររបស់ Astro Space Center បានឲ្យដឹងថា ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណបក្នុងទីអវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញា ក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន ០៤គ្រឿងរបស់សហរដ្ឋអាមេរិក ។ តួយ៉ាងមួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ ៤០០លើកនៅមុនឆ្នាំ២០១៨ ។ ក្រៅពីនេះ ពេលខ្លះទៀតផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់អាមេរិក ។
គួរជម្រាបថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានបញ្ជូនផ្កាយរណប ០៤គ្រឿង នៅក្រោមកម្មវិធី GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍ឲ្យកងទ័ពអាកាសរបស់ខ្លួន៕