ព័ត៌មានទាន់ហេតុការណ៍៖

ដែនសមុទ្រ ដែនអាកាស ដែនទឹកកក ក្លាយជាទីកន្លែងប្រជែង របស់ប្រទេសមហាអំណាច

ចែករំលែក៖

ប្រទេសមហាអំណាចនៅជុំវិញពិភពលោក នឹងបន្តប្រជែងគ្នា ដណ្តើមគ្រប់គ្រងនៅតំបន់សមុទ្រទឹកកក នៅប៉ូលខាងជើងផែនដី ហើយការប្រជែងគ្នានោះ អាចនាំភ្លើងសង្គ្រាម ទៅកន្លែងទឹកកក គឺជាគ្រោះថ្នាក់យ៉ាងធំធេង ដល់មនុស្សជាតិ ។ ក្រុមអ្នកវិភាគលើកឡើងថា នៅពេលដែលមានសង្គ្រាមនៅទីនោះ នឹងធ្វើឲ្យផ្ទាំងទឹកក រលាយ ទឹកសមុទ្រជន់ឡើងខ្ពស់ ពន្លិចទីក្រុងជាច្រើន នៅជុំវិញពិភពលោកពេលនោះមនុស្សជាច្រើននឹងត្រូវស្លាប់ ។

កន្លងមក អតីតមេដឹកនាំអាមេរិករុស្ស៊ី ក៏បានធ្វើដំណើរទស្សនកិច្ច ប៉ូលខាងជើង ផែនដី ដែលជាការកំណត់គោលដៅវាតទី គ្រប់គ្រងនៅទីនោះ ។ បច្ចុប្បន្នអាមេរិក និង រុស្ស៊ីបានដាក់ទាហាន និងអាវុធជាច្រើននៅទីនោះ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។

ជាមួយគ្នានេះដែរ អតីត នាយករដ្ឋ មន្រ្តីកាណាដា Stephen Harper បានធ្វើ ដំណើរប្រចាំឆ្នាំទៅកាន់ភាគខាងជើងនៃប្រទេស ក្បែរតំបន់មហាសមុទ្រទឹកកក អាក់ទិក ។ នេះជាទស្សនកិច្ច ដើម្បីអះអាងពីអធិបតេយ្យភាពទឹកដី របស់ប្រទេសកាណាដា ក្នុងតំបន់អាក់ទិកក្បែរប៉ូលខាងជើង ដែលជាតំបន់មានជម្លោះចម្រូងចម្រាស ជាមួយបណ្តាប្រទេសមួយចំនួនមានជាអាទិ៍ សហរដ្ឋអាមេរិក ដាណឺម៉ាក ន័រវែស និងប្រទេសរុស្ស៊ី ជាដើម ។

លោកនាយករដ្ឋមន្រ្តីកាណាដា Stephen Harper បានធ្វើដំណើរប្រចាំឆ្នាំទៅកាន់ភាគខាងជើងនៃប្រទេស ក្បែរតំបន់មហាសមុទ្រទឹកកកអាក់ទិក ។ នេះជាដំណើរទស្សន កិច្ចប្រចាំឆ្នាំលើកទី ៩ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីប្រទេសកាណាដា កាលពីឆ្នាំ ២០០៦ ។ គោល បំណងនៃដំណើរទស្សនកិច្ចនេះគឺ ដើម្បីអះអាងពីអធិបតេយ្យភាពទឹកដីភាគខាងជើងរបស់ប្រទេសកាណាដា ក្នុងតំបន់អាក់ទិកក្បែរប៉ូលខាងជើង ដែលជាតំបន់មាន ជម្លោះចម្រូងចម្រាស ជាមួយបណ្តាប្រទេសមួយចំនួនមានជាអាទិ៍សហរដ្ឋអាមេរិក ប្រទេសដាណឺម៉ាក ប្រទេសន័រវែស និង ប្រទេសរុស្សុី ជាដើម ។ ម៉្យាងទៀត លោក Harper ប្រើប្រាស់ទស្សនកិច្ចនេះ ដើម្បី ពង្រឹងមនោសញ្ចេតនារបស់ប្រជាជន ​ កាណាដាឲ្យគិតថាតំបន់មហាសមុទ្រទឹកកកអាក់ទិកជាផែ្នកមួយក្នុងដែនដីរបស់ ប្រទេសកាណាដា ។

តាមពិតទៅ តំបន់អាក់ទិកគ្របដណ្តប់ដោយមហាសមុទ្រទឹកកកហើយ បណ្តា កោះមួយចំនួន ជាផែ្នកមួយនៃផែនដីរបស់ទ្វីបអាមេរិកខាងជើង ទ្វីបអាស៊ី និងទ្វីប អឺរ៉ុប ។ តំបន់មហាសមុទ្រទឹកកកអាក់ទិកមានផ្ទៃក្រឡាប្រមាណ ២១ លានគីឡូ ម៉ែត្រការ៉េ ក្នុងនោះមានដីប្រមាណ ៧ លានគីឡូម៉ែត្រការ៉េ ។ អ្នកជំនាញបានប៉ាន់ ស្មានថា តំបន់នេះមានផ្ទុកធនធានរ៉ែក្រោមបាតសមុទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង នោះ ១៣% ជាប្រេងកាត និង៣០% ជា ឧស្ម័នធម្មជាតិ ។

កាណាដាប្រកាសទាមទារយកច្រកសមុទ្រភាគពាយ័ព្យ (Passage du Nord-Ouest) នៃមហាសមុទ្រអាក់ទិកដាក់ជារបស់ខ្លួន ។ ច្រកសមុទ្រភាគពាយ័ព្យនេះជាផ្លូវ នាវាចរណ៍ភ្ជាប់ពីទ្វីបអឺរ៉ុបទៅទ្វីបអាស៊ី ដែលនាវាដឹកទំនិញទាំងឡាយអាចធ្វើចរាចរណ៍បាននៅរដូវក្តៅ ។ សហរដ្ឋអាមេរិក និង បណ្តាប្រទេសអឺរ៉ុបមួយចំនួនជំទាស់ដាច់ខាតចំពោះការទាមទារនេះ ដោយយោង លើអំណះអំណាងថា ច្រកសមុទ្រនេះជា ដែនទឹកអន្តរជាតិ ។ ក្រៅពីការទាមទារនេះប្រទេសកាណាដាចង់បានអធិបតេយ្យភាពក្នុងដែនមហាសមុទ្រទឹកកកអាក់ទិក ដែល សហរដ្ឋអាមេរិក ដាណឺម៉ាក ន័រវែស និង រុស្សុី កំពុងទាមទារចង់បានផងដែរ ។

ដើម្បីដោះស្រាយវិវាទនេះ បណ្តាប្រទេសទាំងនោះមានពេលរហូតដល់ឆ្នាំ ២០១៥ ដើម្បីដាក់របាយការណ៍វិទ្យាសាស្រ្តទៅ គណៈកម្មការរបស់អង្គការសហប្រជាជាតិ ។ របាយការណ៍នោះត្រូវបង្ហាញតាមបែបវិទ្យាសាស្រ្តពីប្រវែងដីត្រង់មានចម្ងាយហួស ២០០ ម៉ៃយ៍ ស្មើនឹង ៣៦០ គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ដោយចាប់រាប់ពីខ្ពង់រាបទ្វីបនៃប្រទេសនោះ ។

ក្នុងដំណើរទស្សនកិច្ចឆ្នាំនេះ កងល្បាត សមុទ្រកាណាដាបានប្រើនាវា Louis St-Laurent និងយានមុជទឹកគ្មានមនុស្សបើកដើម្បីជួយគាំទ្រក្រុមអ្នកវិទ្យាសាស្រ្ត កាណាដា ដែលកំពុងដឹកនាំការងារស្ទង់ ជម្រៅបាតសមុទ្រកំណត់បូរណភាពទឹកដីកាណាដាក្នុងតំបន់មហាសមុទ្រទឹកកក អាក់ទិក ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេស កាណាដាបានរៀបចំសមយុទ្ធ យោធា ដែលគេហៅថា Opération Nanook ។ សម្រាប់ឆ្នាំ ២០១៤ សមយុទ្ធ Nanook លើកទី១០ត្រូវបានរៀបចំនៅច្រកសមុទ្រភាគពាយ័ព្យ នៃមហាសមុទ្រទឹក កកអាក់ទិក ដោយមានការចូលរួមពីនាវា ចម្បាំងប្រទេសដាណឺម៉ាក និងយន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក ។ គោលបំណង នៃសមយុទ្ធនេះគឺ ដើម្បីធ្វើលំហាត់ហ្វឹកហ្វឺនការសម្របសម្រួលប្រតិបត្តិការយោធា និងការជួយសង្គ្រោះ ពេលមានមហន្តរាយជាយថាហេតុណាមួយក្នុងតំបន់នោះ ។

ម៉្យាងទៀត សមយុទ្ធយោធានេះជាការឆ្លើយតបទៅនឹងការដំឡើងសាច់ដុំផែ្នកយោធារបស់ប្រទេសរុស្សុីក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិក ។ តាមពិតទៅ ​ ប្រទេសរុស្សុីកំពុងជួសជុលមូលដ្ឋានទ័ពសម័យសហភាពសូវៀត ដែលស្ថិតនៅ ភាគខាងជើងប្រទេសរបស់ខ្លួន ។ លើស ពីនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាបំបែកទឹកកករបស់រុស្សីកំពុងល្បាតក្នុងដែនទឹកមហាសមុទ្រទឹកកក អាក់ទិក ។ ឆ្នាំក្រោយនេះ យោធារុស្សុីនឹងបញ្ចប់ការសាងសង់មូលដ្ឋានការពារដែនអាកាសជាច្រើនកន្លែង ព្រមទាំងមណ្ឌលឃ្លាំមើលសម្រាប់កងអាកាសចរណ៍យោធារុស្សុី តាមបណ្តោយមហាសមុទ្រទឹកកក អាក់ទិក ។ រុស្សុីចំណាយថវិកាប្រមាណ ១៧៧ លានដុល្លារ ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធយោធានេះ ។

សម្រាប់សហរដ្ឋអាមេរិកនិង កាណាដា ការពង្រឹងផែ្នកយោធារុស្សុីក្នុងតំបន់នោះជាការគំរាមកំហែងមួយ ។ ចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ ប្រទេសទាំងពីរនេះបាន រួមគ្នាបង្កើតបញ្ជាការយោធាការពារដែនអាកាសទ្វីបអាមេរិកខាងជើង (Commandement de la défense aérospatiale de l’Amérique du Nord) ដែលហៅកាត់ថា NORAD ។ ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ បេសកកម្មរបស់ NORAD គឺឃ្លាំមើលដែនអាកាសឆ្ងាយហួសពីដែនដីអាមេរិកខាងជើង ក្នុងនោះដែនមហាសមុទ្រទឹកកកអាក់ទិក ។

ដូចនេះ មហាសមុទ្រទឹកកកអាក់ទិកជាតំបន់ជម្លោះភូមិសាស្រ្តនយោបាយមួយដ៏ស្មុគស្មាញរវាងប្រទេសស្ថិតនៅជុំវិញ ប៉ូលខាងជើង ។ ក្នុងនោះ ការសម្លឹងមើលពីការអាចទាញប្រយោជន៍បានពីធនធានរ៉ែ និងឧស្ម័នក្រោមបាតសមុទ្រជាដើមចមនៃជម្លោះរវាងបណ្តាប្រទេសទាំងនោះ ។ យើងត្រូវរង់ចាំការដាក់របាយការណ៍វិទ្យាសាស្រ្តរបស់ភាគីជម្លោះទៅកាន់អង្គការ សហប្រជាជាតិ និងការប្រកាសសេចក្តី សម្រេចនាពេលអនាគត៕


ចែករំលែក៖