ខេត្តកំពង់ធំ៖ បច្ចុប្បន្នស្រូវប្រាំងចំនួន១០០ហិកតាស្ថិតនៅតំបន់ខាងត្បូង អតីតក្រុមហ៊ុនវុធក្នុងភូមិសាស្រ្ត ភូមិ ចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងជួបការខ្វះខាតទឹកបញ្ចូលស្រែប្រាំង ។
ប្រជាពលរដ្ឋ មេភូមិ មេឃុំ រួមអ្នកតំណាងឲ្យប្រជាពលរដ្ឋដែលខ្វះខាតទឹកទាំង ១៥គ្រួសារគឺលោក ម៉េត រ៉ាមី និងលោក សឿន សុខុម បានឲ្យដឹងថា ពួកគាត់បាននាំគ្នាទៅប្រាប់មេឃុំឲ្យជួយពួកគាត់ ព្រមទាំងបានធ្វើលិខិតស្នើសុំស្ដារប្រឡាយទឹកក្នុងលិខិតនោះបានសរសេរថា «ខ្ញុំបាទម៉េត រ៉ាមី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំស្ដារប្រឡាយទឹកនៅតំបន់ដោយសារប្រឡាយចាស់រាក់ទឹកមិនអាចហូរទៅដល់ ។
ហេតុនេះហើយ បានជាខ្ញុំបាទស្នើសុំគ្រឿងចក្រដើម្បីស្ដារប្រឡាយនេះ ដើម្បីសង្រ្គោះស្រូវដែលខ្វះខាតទឹកដែលមានផ្ទៃដីបង្កបង្កើនផលចំនួន១០០ហិកតា ដែលមានប្រជាពលរដ្ឋចំនួន១៥គ្រួសារ ។ អាស្រ័យហេតុនេះសូមលោកមេឃុំ និងស្ថាប័នពាក់ព័ន្ធមេត្ដាអនុញ្ញាតដោយក្ដីអនុគ្រោះផងចុះ» ។
បើតាមលោកមេឃុំ លោក ធូ សេង បានឲ្យដឹងថា លិខិតដែលគាត់ដាក់ស្នើសុំនេះគាត់បានដាក់ទៅរដ្ឋបាលស្រុកហើយ តែមិនទាន់ឃើញអន្តរាគមន៍ទេពេលនេះ ។
លោកបានបន្ដថា ការស្នើសុំអន្តរាគមន៍ពីរដ្ឋបាលស្រុកដើម្បីសង្គ្រោះស្រូវប្រាំងពេលនោះ មានខាងថ្នាក់ស្រុក និងខេត្តបានចុះមកមើលដែរ តែរហូតមកដល់ពេលនេះ គ្មានដំណោះស្រាយ បច្ចុប្បន្នស្រូវបានក្រៀមស្វិតអស់ហើយ ។ នេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿលើរដ្ឋបាលថ្នាក់ស្រុក ដែលគ្មានដំណោះស្រាយ ជូនប្រជាពលរដ្ឋ រងទុក្ខលំបាក ពេលមានគ្រោះអាសន្ន ។
ជុំវិញការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋខាងលើ មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បាននៅឡើយទេ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា កន្លងមកពលរដ្នបានសុំទៅឃុំទេ ហើយលិខិតនេះក៏ពុំបានឆ្លងកាត់មកស្រុកដែរ ។ តែកន្លងមក ក្រុមការងារខេត្តបានចុះពិនិត្យម្ដងហើយ ដឹកនាំដោយ លោក ព្រឹម រដ្ឋា ដើម្បីសិក្សារមើល រហូតមកដល់ពេលនេះគឺ ក្រុមការងារស្រុកបានចុះទៅនិងកំពុងតែពិនិត្យហើយដោយមិនទុកឲ្យស្រូចខូចនោះទេ ៕ ប៊ុនរិទ្ធី