ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?

ចែករំលែក៖

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថាលោក អ៊ី ម៉េងលាង ដែលទើបឡើងកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង ស្រាប់តែហ៊ានលក់ដីមន្ទីរកសិកម្មខេត្តដល់ទៅជាង១០ហិកតាដើម្បីយកលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ មន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានបញ្ជាក់ថា កាលប្រធានចាស់នៅកាន់តំណែង គឺហ៊ានលក់ដីមន្ទីរកសិកម្មខេត្តកោះកុង ត្រឹមកន្លះហិកតាប៉ុណ្ណោះប៉ុន្តែនៅពេលលោក អ៊ី ម៉េងលាង ឡើងកាន់តំណែងជាប្រធានមន្ទីរកសិកម្ម ស្រាប់តែយកដីមន្ទីរកសិកម្ម១០ហិកតាទៅលក់ឲ្យឈ្មួញពុះជាដីឡូត៍ ក៏ដូចជាជួលឲ្យបុគ្គលឯកជនបើកកន្លែងលាងរថយន្តនិងបើកអាជីវកម្មផ្សេងៗដោយគ្មានញញើតអ្វីឡើយ ។

តាមការបង្ហើបពីមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថាលោក អ៊ី ម៉េងលាង មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងកសិកម្ម ដូច្នេះហើយទើបលោក អ៊ី ម៉េងលាង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនមិនខ្វល់ពីការរិះគន់អ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម ពិនិត្យឡើងវិញជាបន្ទាន់ដើម្បីកុំឲ្យលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀត។

ប្រភពដែលស្និទ្ធនឹងលោក អ៊ី ម៉េងលាង បានបង្ហើបឲ្យដឹងថា ដោយសារលោក ចំណាយដើមទុនយ៉ាងច្រើនសម្រាប់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង ទើបហ៊ានកាត់ដីមន្ទីរលក់យកលុយយ៉ាងគឃ្លើនតែម្តង។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីធំៗក្នុងខេត្តកោះកុង មួយចំនួនក៏អាចជាប់ពាក់ព័ន្ធនឹងទង្វើរបស់លោក អ៊ី ម៉េងលាង ផងដែរដូច្នេះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ជាពិសេសថ្នាក់ដឹកនាំក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យមន្ត្រីក្រោមឱវាទដូចជាលោក អ៊ី ម៉េងលាង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយព្រោះការព្រមានរបស់ក្រសួងកសិកម្ម ទៅលើលោក អ៊ី ម៉េងលាង នាពេលកន្លងមកកំពុងក្លាយជារឿងឥតន័យ។ ដោយហេតុថា រហូតមកដល់ពេលនេះលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងបក្ខពួកមួយចំនួននៅតែធ្វើអ្វីៗតាមអំពើចិត្ត ហើយការស៊ើបអង្កេតរបស់មន្ត្រីអធិការកិច្ចក្នុងក្រសួងកសិកម្ម នាពេលកន្លងមកគ្មានចេញជាលទ្ធផលអ្វីគួរឲ្យកត់សម្គាល់នោះទេ៕


ចែករំលែក៖