ម្ង៉ៃណោះ នាងខ្ញុំធ្វើដំណើរឆ្លងកាត់កណ្តាលក្រុង ងើយឡើងលើ ភ្នែកប៉ះចំអគារកម្ពស់៤២ជាន់ ឃើញសុទ្ធតែអក្សរចិនជាប៉ាយភ្ជាប់នៅលើអគារនោះ ។ នាងខ្ញុំមិនចេះអក្សរចិន មិនដឹងថា មានន័យយ៉ាងណានោះទេ ។ ជិះរថយន្តបណ្តើរ គិតបណ្តើរថា អគារនេះសម្រាប់តែអតិថិជន ឬភ្ញៀវចិនតែប៉ុណ្ណោះ ដែលមានបំណងវិនិយោគ, ជួល ឬទិញអគារនេះ ។ ប៉ុន្តែកូននាងខ្ញុំ ដែលនៅក្នុងរថយន្តជាមួយប្រាប់ថា ទោះយ៉ាងណាក៏ដោយ នៅលើដីខ្មែរ វាគួរតែមានអក្សរខ្មែរបន្តិចបន្តួចផង ។ មិនដឹងថា អាជ្ញាធរ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចយល់ដូចកូននាងខ្ញុំដែរឬយ៉ាងណានោះទេ?
គិតទៅវាជារឿងកំប៉ិកកំប៉ុក មិនគួរដល់ថ្នាក់ធ្វើឲ្យថ្នាក់ដឹកនាំអំពល់ទុក្ខ ឈឺក្បាលហាលថ្ងៃរឿងអក្សរចិន ព្យួរតោកយ៉ោកនៅតាមអាគារទាំងឡាយនោះឡើយ ។ ប៉ុន្តែបើមិនយកចិត្តទុកដាក់ វាប្រឈមនឹងហានិភ័យ ឬនិយាយឲ្យខ្លីថា បាត់បង់អត្តសញ្ញាណជាតិ ។ បើបន្តឲ្យយ៉ាងនេះ កើតមានគ្រប់ទីកន្លែង មុខជាក្មេងជំនាន់ក្រោយ មិនចេះអក្សរខ្មែរនោះឡើយ ។ និយាយដូច្នេះ ហាក់ដូចជាជាតិនិយមជ្រុលពេក ប៉ុន្តែនៅប្រទេសណាក៏ដោយ គេមិនអនុញ្ញាតឲ្យមានអក្សរបរទេសហួសហេតុពេកនៅក្នុងប្រទេសគេនោះទេ ។ នៅកម្ពុជាសព្វថ្ងៃ តាមការកត់សម្គាល់របស់នាងខ្ញុំ សេរីភាព បញ្ហាអក្សរបរទេសនេះ ហូរហៀរពេកហើយ ។
មិនមែនតែនៅរាជធានីភ្នំពេញនោះទេ ដែលមានបញ្ហាអំពីករណីអក្សរចិនវាយលុកនោះ, ឥឡូវនេះ បញ្ហាកំពុងជ្រៀតជ្រែកទៅដល់ទីប្រជុំជននានា ដូចជានៅក្រុងបាវិត ខេត្តស្វាយរៀង, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាដើម ។ អំណឹះតទៅ អាជ្ញាធរដែនដី ចាប់ពីថ្នាក់ក្រុង រហូតដល់ខេត្ត ត្រូវប្រើស្មារតីជាតិនិយមបន្តិចចំពោះបញ្ហាអក្សរសាស្ត្រជាតិនេះ ។ បើមិនដូច្នោះទេ អក្សរបរទេសនឹងវាយលុកលើវប្បធម៌អក្សរសាស្ត្រជាតិខ្មែរមិនខានឡើយ ។ នេះគ្រាន់តែជាមតិយោបល់ឯកជនរបស់នាងខ្ញុំម្នាក់ប៉ុណ្ណោះ ។ បើថ្នាក់ដឹកនាំយល់ថា រឿងអក្សរចិនបន្តោងនៅតាមអគារនានាជាបញ្ហាកំប៉ិកកំប៉ុក ដូច្នេះទុកឲ្យវាទៅតាមដំណើរទៅ ៕ ប្រជាពលរដ្ឋម្នាក់