ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរង្វង់មូលគួរស្រូវ យ៉ាងពេញទំហឹង ដោយខ្លួនឯង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលគួរស្រូវ លើកំណាត់ផ្លូវលេខ២ ក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងឌ្រីមដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-3014 បើកបរដោយឈ្មោះ សេក ដែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅភូមិព្រៃគាំម ឃុំព្រៃគាំម ស្រុកអង្គរបូរី ខេត្តតាកែវ បើកបរម៉ូតូពីជើងទៅត្បូង ដោយខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុក និងរង្វង់មូលគួរស្រូវយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់ម៉ូតូ ឲ្យខាងសាច់ញាតិក្រុមគ្រួសារ យកទៅរក្សាទុកវិញ ព្រមទាំងប្រគល់សពឲ្យធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ