ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅលួចអូសម៉ូតូគេទុកមុខបន្ទប់ ត្រូវអ្នកមើលការបន្ទប់ សួរនាំ ភ័យរត់រួចម្នាក់ ឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពចូលទៅលួចអូសយកម៉ូតូរបស់អ្នកស្នាក់ជួលបន្ទប់ ក៏ត្រូវអ្នកគ្រប់គ្រងបន្ទប់ជួលឃើញសួរនាំ ធ្វើអោយជនសង្ស័យភ័យរត់គេខ្លួនបាត់ម្នាក់ចំណែកម្នាក់ទៀត ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង ៣០ នាទីទៀបភ្លឺថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ចំណុច មុខបន្ទប់ជួលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានគ្នាចំនួន២ម្នាក់ទី ១ ឈ្មោះជា សុប៊ុន ភេទប្រុស អាយុ២១ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ១-

ជនសង្ស័យទី២ ឈ្មោះ អាតួ ភេទប្រុសអាយុប្រហែល ២៤ ឆ្នាំទីលំនៅមិនពិតប្រាកដ មានមុខរបរពិតប្រាកដ (រត់គេចខ្លួន) ក្រោយឃាត់ខ្លួនបាន ឆែកឆេររកឃើញ ដែកកែឆ្នៃចុងស្រួចសម្រាប់កាច់សោ ក ម៉ូតូចំនួន១ និង សោ ទីបលេខ៨ចំនួន១។

ដោយឡែកជនរងគ្រោះមាន ឈ្មោះ លៀប លាន់ ភេទប្រុសអាយុ ៥២ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលត្រូវចោរលួចម៉ាក ហុងដាឌ្រីម សេ ១២៥ ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8292។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យចំនួន២នាក់ បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដែលទុកខាងមុខបន្ទប់ជួលតែភ្លាមនោះ ក៏ត្រូវអ្នកមើលការខុសត្រូវបន្ទប់ជួលឃើញទាន់ទើបសួរនាំធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ម្នាក់ ចំណែកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋចាប់ជាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ យកមកសួរនាំ នឹងឃាត់ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖