ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋនៅស្រុកពញាឮ ត្រូវជនមិនស្គាល់អត្ដសញ្ញាណ ចូលគាស់ទ្វារ លួចយកទ្រព្យសម្បត្ដិអស់ជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកពញាឮ ត្រូវបានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណចូលគាស់ រួចប្រមូលយកទ្រព្យសម្បត្ដិសរុបអស់ប្រាក់ជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងគ្រឿងអលង្ការមួយចំនួនផងដែរ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ហ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេរដី មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮខេត្តកណ្តាល រីឯជនសង្ស័យពុំទាន់ស្គាល់អត្ដសញ្ញាណ ។ ដោយឡែកទ្រព្យសមត្បត្ដិដែលបាត់បង់មាន៖ ខ្សែដៃមាស២ខ្សែ ទម្ងន់៣តម្លឹង និងប្រាក់ដុល្លារចំនួន២៦,៣៥០ដុល្លារសហរដ្ឋអាមេរិក និងវត្ថុតាងដកហូតបានមាន៖ បន្ទះដែកតាន់១កំណាក់ ទំហំមុខកាត់១០សង់ទីម៉ែត្រ ប្រវែង១,៥៥ម៉ែត្រ (របស់ជនរងគ្រោះ)ដែលជនសង្ស័យយកធ្វើសកម្មភាព និងកន្ត្រៃដែក១ ដងស្រោបជ័រ ពណ៌ក្រហម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ គង់ កុសល និងកូនបាននាំគ្នាចេញពីផ្ទះទៅលក់បាយនៅក្នុងរោងចក្រចំណីសត្វ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ រីឯជនរងគ្រោះជាប្តីនៅមិនទាន់ទៅទេ គឺនៅរៀបចំទុកប្រាក់ដុល្លារដែលបានមកពីការទិញលក់ដីនៅក្នុងថតគ្រែក្បាលដំណេក២ម៉ឺនដុល្លារ បន្ថែមលើប្រាក់ដុល្លារដែលមានក្នុងថតគ្រែនោះចំនួន៦,៣៥០ដុល្លារ សរុប៦,៣៥០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់រៀបចំទុកដាក់ប្រាក់រួច ជនរងគ្រោះក៏ចេញពីផ្ទះបាត់ទៅ ។

រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ/ខែ/ឆ្នាំដដែល ជនរងគ្រោះបានយកត្រឡប់មកផ្ទះរបស់ខ្លួនវិញ ស្រាប់តែឃើញទ្វារផ្ទះបាយខាងក្រោយដាច់សោររបើក ដោយមានការងឿងឆ្ងល់ជនរងគ្រោះក៏បានដើរមើលជុំវិញផ្ទះ ក៏បានឃើញចំរឹងបង្អួចផ្ទះជាន់ក្រោមផ្ទាល់ដី ផ្នែកខាងត្បូង មានស្នាមគាស់បាក់ចំនួន២ចំរឹង បន្ទាប់មកជនរងគ្រោះបានចូលក្នុងផ្ទះឃើញសោរទ្វារឡើងជណ្តើរជាន់លើមានស្នាមបាក់ត្រចៀកទ្វារម្ខាង និងទ្វារបន្ទប់ដេករបស់ជនរងគ្រោះមានស្នាមគាស់បំបែកសោរទ្វារចូលក្នុងបន្ទប់ និងមានស្នាមរុះរើសម្លៀកបំពាក់ និងគាស់សោរថតក្បាលគ្រែ ដែលជាកន្លែងជនរងគ្រោះដាក់គ្រឿងអលង្ការ និងប្រាក់ដុល្លារ ។

ភ្លាមនោះដែរជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលពញាឮ ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះកម្លាំងនគរបាល បានសហការជាមួយកម្លាំងនគរបាលជំនាញស្រុក ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសួរ រួចកសាងសំណុំរឿងស្រាវជ្រាវ ស៊ើបអង្កេតរកជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖