ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកថ្កោលទោស ការវាយប្រហារភេរវកម្ម នៅឥណ្ឌា និងស្នើដល់ប៉ាគីស្ថាន ឈប់គាំទ្រភេរវកម្ម

ចែករំលែក៖

ក្រុមវាយប្រហារភេរវកម្មនៅក្នុងប្រទេសឥណ្ឌា បានលាក់ខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន ។​ ក្រុមវាយប្រហារ នៅសណ្ឋាគារក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីខែវិច្ឆិកាឆ្នាំ​២០០៨ ក៏បង្កឡើង​ដោយក្រុមភេរវកម្ម មកពីប៉ាគីស្ថានផងដែរ ។ នៅពេលនោះ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់​ប្រទេសប៉ាគីស្ថាន ។

នៅពេលនេះដែរ អាមេរិកបានស្នើដល់​ប្រទេសប៉ាគីស្ថាន ​បញ្ចប់សកម្មភាព គាំទ្រដល់ ក្រុមភេរវកម្ម និងផ្តល់ទីជម្រកដល់ពួកគេ ។​ ជាមួយគ្នានោះ អាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើននៅឥណ្ឌាកាលពីថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។

អគ្គលេខាព័ត៌មាន សេតវិមាន លោកស្រី​ Sarah Sanders ​បានបញ្ជាក់ថា «អាមេរិកស្នើដល់ប៉ាគីស្ថានបញ្ចប់សកម្មភាពផ្តល់ជំនួយដល់ក្រុមភេរវកម្ម ពិសេសគឺការផ្តល់ទីជម្រកដល់ក្រុមនេះស្នាក់នៅប្រទេសប៉ាគីស្ថានដោយគ្មានការរំខាន។ ក្រុមភេរវកម្ម បានបង្កើនសកម្មភាពនៅតាមបណ្តោយព្រំដែនឥណ្ឌាប៉ាគីស្ថាន ក្នុងនោះមានតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា​។

ក្នុងពេលជាមួយ ក្រុមអ្នកឯកទេសអាមេរិកស្តីពីតំបន់​អាស៊ីភាគខាងត្បូង បានវាយតម្លៃថា ក្រុមភេរវកម្ម​ Jaish-e-Mohammad ដែលបានបើកការវាយប្រហារទៅលើតំបន់ Jammu ​និងកាស្មៀរ​ បានដាក់ចេញនូវសំណួរជាច្រើន​ស្តីពីតួនាទីរបស់ក្រសួងចារកិច្ចប៉ាគីស្ថាន​ ISI នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មខាងលើ ។

ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃឥណ្ឌាលោក Rajnath Singh បានបញ្ជាក់ថា ទីក្រុងញ៉ូវដេលី​នឹងធ្វើគ្រប់យ៉ាងដើម្បី​ទប់ស្កាត់ការវាយប្រហារ ហើយកម្លាំងទាហានឥណ្ឌានឹងវាយបកកម្ចាត់ក្រុមភេរវកម្មនៅក្នុងទឹកដីប៉ាគីស្ថាន​៕


ចែករំលែក៖