ក្រុមវាយប្រហារភេរវកម្មនៅក្នុងប្រទេសឥណ្ឌា បានលាក់ខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន ។ ក្រុមវាយប្រហារ នៅសណ្ឋាគារក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីខែវិច្ឆិកាឆ្នាំ២០០៨ ក៏បង្កឡើងដោយក្រុមភេរវកម្ម មកពីប៉ាគីស្ថានផងដែរ ។ នៅពេលនោះ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសប៉ាគីស្ថាន ។
នៅពេលនេះដែរ អាមេរិកបានស្នើដល់ប្រទេសប៉ាគីស្ថាន បញ្ចប់សកម្មភាព គាំទ្រដល់ ក្រុមភេរវកម្ម និងផ្តល់ទីជម្រកដល់ពួកគេ ។ ជាមួយគ្នានោះ អាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើននៅឥណ្ឌាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
អគ្គលេខាព័ត៌មាន សេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា «អាមេរិកស្នើដល់ប៉ាគីស្ថានបញ្ចប់សកម្មភាពផ្តល់ជំនួយដល់ក្រុមភេរវកម្ម ពិសេសគឺការផ្តល់ទីជម្រកដល់ក្រុមនេះស្នាក់នៅប្រទេសប៉ាគីស្ថានដោយគ្មានការរំខាន។ ក្រុមភេរវកម្ម បានបង្កើនសកម្មភាពនៅតាមបណ្តោយព្រំដែនឥណ្ឌាប៉ាគីស្ថាន ក្នុងនោះមានតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។
ក្នុងពេលជាមួយ ក្រុមអ្នកឯកទេសអាមេរិកស្តីពីតំបន់អាស៊ីភាគខាងត្បូង បានវាយតម្លៃថា ក្រុមភេរវកម្ម Jaish-e-Mohammad ដែលបានបើកការវាយប្រហារទៅលើតំបន់ Jammu និងកាស្មៀរ បានដាក់ចេញនូវសំណួរជាច្រើនស្តីពីតួនាទីរបស់ក្រសួងចារកិច្ចប៉ាគីស្ថាន ISI នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មខាងលើ ។
ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាលោក Rajnath Singh បានបញ្ជាក់ថា ទីក្រុងញ៉ូវដេលីនឹងធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការវាយប្រហារ ហើយកម្លាំងទាហានឥណ្ឌានឹងវាយបកកម្ចាត់ក្រុមភេរវកម្មនៅក្នុងទឹកដីប៉ាគីស្ថាន៕