មួយរយៈពេលចុងក្រោយនេះ គណបក្សកាន់អំណាចរបស់លោកស្រី អង់សានស៊ូជី ទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ និងការដោះស្រាយវិបត្តិជាតិសាសន៍ នៅក្នុងប្រទេស មានការយឺតយ៉ាវ ។
ទាំងនោះហើយបានធ្វើឲ្យលោកស្រីបាត់បង់ការគាំទ្រជាច្រើន ពីពលរដ្ឋមីយ៉ានម៉ា ។ ការបាត់បង់គាំទ្រនោះ ធ្វើឲ្យគណបក្សនយោបាយថ្មីត្រូវបានបង្កើតឡើងដើម្បីប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ខាងមុខ ។
ការដែលនាំឲ្យកើតមានក្រុមនយោបាយថ្មីៗដើម្បីប្រជែងជាមួយស៊ូជី ដោយសារតែលទ្ធផលមិនល្អរបស់បក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(NLD) របស់ស៊ូជីនៅក្នុងការបោះឆ្នោតបំពេញកន្លែងទំនេរកាលពីខែវិច្ឆិកា នៅពេលដែលខ្លួនទទួលបានកៅអី តែ៧ក្នុងចំណោមអាសនៈសភាចំនួន១៣ត្រូវ ប្រជែងយក ខណៈគណបក្សប្រចាំតំបន់ និងបក្សមានទំនាក់ទំនងជាមួយយោធាបានកើនសំឡេង។
សមាជិកសភាNLDម្នាក់ មកពីរដ្ឋកាជីន បាននិយាយថា «ឥឡូវ បណ្តាបក្សជនជាតិភាគតិចបានចងសម្ព័ន្ធនឹងគ្នា និងត្រៀមខ្លួន ។ យើងមិនអាចពឹងទាំងស្រុង លើអំណាចបក្សបានទេ ។ យើងត្រូវខិតខំខ្លាំងជាងពីមុន ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន» ។
សូមរំលឹកថា គណបក្សNLDរបស់ស៊ូជី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៥ ដោយទទួលបានសំឡេងភាគច្រើនគ្រប់គ្រាន់ក្នុងសភាសម្រាប់បង្កើតរដ្ឋាភិបាល ទោះជាច្បាប់តំរូវឲ្យលៃទុកអាសនៈ២៥ភាគរយ សម្រាប់ក្រុមយោធាក្តី៕