ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់ លោក សន នី អ្នកគ្រប់គ្រងផ្សារក្រោមថា យកសួនច្បារជួល ឲ្យអាជីវករលក់ដូរ យកលុយផ្គាប់ចិត្តលោកហ៊ុប ថៃ

ចែករំលែក៖

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពលរដ្ឋបានរិះគន់ លោក សននី អ្នកគ្រប់គ្រងផ្សារក្រោម យកសួនច្បារជួលឲ្យអាជីវករលក់ដូរ ដើម្បីផ្គាប់ចិត្តមេធំ លោក ហ៊ុប ថៃ ដែលជាអ្នកគ្រប់គ្រងផ្សារលើធំថ្មី ផ្សារក្រោម និងផ្សារស្រុកពួក។

ពាក់ព័ន្ធនឹងរឿងនេះ លោក សន នីបានឆ្លើយបដិសេធន៍ថា លោកមិនមែនជាអ្នកគ្រប់គ្រងធំនៅផ្សារនេះទេ គាត់គ្រាន់តែជាមេការរងតែប៉ុណ្ណោះ ឯមេធំដែលគ្រប់គ្រងផ្សារនេះ គឺលោក ហ៊ុប ថៃ ដែលជាអ្នកគ្រប់គ្រងផ្សារចំនួន២ នៅខេត្តសៀមរាប ។ លោកបន្ដថា ផ្សារក្រោមដែលគេចោទថា ធ្វើលើដីសួនច្បារនេះ ដើមឡើយជាផ្សាររបស់គាត់តាំងតែពីឆ្នាំ១៩៨៣ មកម្ល៉េះ តែដោយសារអ្នកមានលុយមានអំណាច បានឃុបឃិតគ្នាធ្វើផ្សារនៅក្បែរនេះ (ផ្សារតាសារ៉ន) បានព្យាយាមរំលាយផ្សាររបស់គាត់ ដើម្បីឲ្យអាជីវកររត់ទៅលក់ដូរនៅផ្សារក្រោមថ្មីរបស់គេ តែធាតុពិត វាមិនដែលមានសួនច្បារអីនោះទេ តាំងតែពីដើមរហូតមក ។

ជុំវិញករណី ខាងលើយើងមិនអាចសុំការបកស្រាយពីលោក ហ៊ុប ថៃ អ្នកម៉ៅការផ្សារទាំងបីនេះបានទេ ព្រោះទូរស័ព្ទចូលពីរដងគ្មានអ្នកលើកទទួល។

លោក ហ៊ុបថៃ ធ្លាប់មានកាសែតក្នុងស្រុកជាច្រើន ចុះផ្សាយពីរឿងអសកម្ម រឿងអាស្រូវ ដូចជាទឹកស្អុយហូរកាត់ផ្សារលើ សំរាមស្អុយពាសពេញផ្សារ មុខផ្សារលើ គ្មានចំណត បណ្តោយឲ្យរថយន្តចតពេញផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ អ្នកក្រគ្មានកន្លែងលក់ដូរ អ្នកលក់បន្លែតែមួយកញ្ច្រែង ក៏យកភាស៊ីដែរ…។ល។ មហាជនបានចោទសួរថា បើលោក ហ៊ុបថៃ អសមត្ថភាពបែបនេះ ហេតុអ្វីនៅតែអាចឈរឈ្មោះជាអ្នកម៉ៅការផ្សារបានរហូតមកដល់សព្វថ្ងៃនេះ?

ប្រភពព័ត៌មានបែកធ្លាយមួយទៀត បានបង្ហើបថា លោក ហ៊ុបថៃ បានចំណាយលុយរាប់ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ ដើម្បីទប់តំណែងរបស់ខ្លួន និងសូកប៉ាន់ដល់ស្ថាប័នពាក់ព័ន្ធនានាដើម្បីបិទមាត់ បិទភ្នែក បិទត្រចៀក កុំឲ្យរិះគន់រាល់រឿងអាស្រូវ និងរឿងអសកម្មផ្សេងៗ ។

ពលរដ្ឋ និងអាជីវករមួយចំនួន នៅខេត្តសៀមរាប កំពុងរង់ចំាមើលថាតើ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងថ្មីសម្តីផ្អែម ចាត់ការយ៉ាងណាចំពោះផ្សារក្រោមដែលធ្វើលើដីសួនច្បារ? ហើយតើទុកលោក ហ៊ុបថៃ ឲ្យកាន់តំណែងជាអ្នកម៉ៅការផ្សារទាំងបីនេះប៉ុន្មានរយឆ្នាំទៀត? ៕ ប៊ុនរិទ្ធី


ចែករំលែក៖