ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកឈើបែកកង់ រេចង្កូតបុកអ្នកជិះម៉ូតូឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កំពូលបទល្មើស ជាប់លំដាប់ថ្នាក់ នៅផ្លូវជាតិលេខ៦២ បានចិញ្ចឹមសមត្ថកិច្ចមួយចំនួនឲ្យមាន ជីវភាពធូរធា ខ្លះមានលុយមានកាក់ដោយសារឈ្មួញឈើចិញ្ចឹមបានធ្វើផ្ទះធ្វើសម្បែង អ្នកខ្លះបានឡើងបុណ្យ សក្កិដោយសារកម្អែលលុយបទល្មើស អ្នកខ្លះទៀត ក៏រត់ចោលស្រុកជាប់គុកជាប់ច្រវាក់ដោយសារតែ ពាក់ព័ន្ឋនឹងបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលជាការបើកភ្លើងខៀវពីសំណាក់ នាយផ្នែករដ្ឋបាល ព្រៃឈើរវៀង ឃុបឃិតឲ្យមានការដឹកជញ្ជូនឈើដូចហែកឋិនចេញពីខេត្តព្រះវិហារ ។

ជាក់ស្តែងបទល្មើសដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ដែលគេចាត់ទុកថា ជាខេត្តឃ្លាំងបទល្មើស បានដឹកតាមរយះរថយន្តសាំយ៉ុង ដែលជាប្រភេទឈើប្រណីត ខណៈដែលកំពុងតែធ្វើដំណើរក៏បាន បែកកង់រ៉េចង្កូតទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូដួលបាក់ជើង ក្នុងទិសដៅស្របគ្នា ពីទិសខាងជើង ទៅត្បូង នៅចំនុចភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ ២០១៩ ។

រថយន្តសាំយ៉ុងដែលបង្ករហេតុ មានផ្ទុកឈើប្រណិតចំនួន ៥២ស្លឹក ក្រោយពីបុកម៉ូតូ បានជ្រុលទៅបុកដើម អាកាស្យា នៅវេលាម៉ោង២រសៀល រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាលលេខ ភ្នំពេញ 2H 4322 បើកបរដោយម្ចាស់ឈ្មោះ ផាត បានដឹកឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ក៏បានបុកម៉ូតូបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ម្ចាស់ម៉ូតូ ឈ្មោះ ឆាយ ភេទប្រុស បណ្តាលឲ្យបាក់ជើងនិងកូនប្រុសម្នាក់របួសស្រាល។

ក្រោយពីហេតុ ម្ចាស់រថយន្តបានគេចខ្លួន បាត់ស្រមោល នឹងបានបន្សល់រថយន្ត នឹងឈើ៥២សន្លឹក រួមទាំង ម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវិត។

បើតាមការរៀបរាប់របស់ អ្នកដែលបាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្លូវជាតិលេខ៦២នេះ មានរថយន្ត ដឹកបទល្មើសក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ឡាន ទៅ៣០ឡាននោះទេ ក្នុងនោះគ្រប់រថយន្តទាំងអស់ បើក្នុង ល្បឿនលឿនដូចព្យុះ ពុំមានការបង្អង់នោះទេ ដោយសារតែផ្លូវជាតិលេខ ៦២នេះ មានកុងត្រូលជជុះរាប់មិន អស់មិនដឹងជា ស្ថាប័នខាងណាខ្លះនោះទេ តែងតែបើប្រដេញកាក់ពីមុខ កាក់ពីក្រោយ ដើម្បីទាមទារភាគហ៊ុន ឬទារភាស៊ី ការពារផ្លូវ ទើបបង្ខំចិត្តឲ្យអ្នកបើកបររថយន្តទាំងនោះបន្ថែមល្បឿន ៕ ប៊ុនរិទ្ធី


ចែករំលែក៖