ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររវាង ម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ ០១នាក់ របួសស្រាល០១នាក់ និងខូចខាតម៉ូតូ០១គ្រឿង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រលប់ ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1I.9266 អ្នកបើកបរឈ្មោះ ញឿន ណុយ ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករលាងរថយន្ត) នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (របួសស្រាល) (ពាក់មួកសុវត្ថិភាព) ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
អ្នកថ្មើរជើងឈ្មោះ ឈឹម ម៉ក់ ភេទស្រី អាយុ៨៥ឆ្នាំ (មុខរបរ កសិករ) នៅភូមិ ឃុំ កើតហេតុខាងលើ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
មូលហេតុបង្ក ដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូ មានល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសាកសពប្រគល់ជូនសាច់ញាតិ និងកូនចៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី