ខេត្តបាត់ដំបង៖ កសិករមួយចំនួន ដែលកំពុងរស់នៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រៅពីការងារបង្កបង្កើនផលស្រូវរួចហើយ ពួកគាត់បាននាំគ្នាដាំដុះជីគ្របមុខដូចជាជីក្រហម ឬជីនាងវង ជីសាំងគ្រហ៊ំ ឬជីពងទាកូន និងជី អង្កាម ដែលជាបន្លែមួយប្រភេទ សម្រាប់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបានចំណូលថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ។
ការដាំដុះជីគ្រប់មុខ បានទិន្នផលគួរសម ប៉ុន្តែតម្លៃទីផ្សារជីមិនសូវបានថ្លៃប៉ុន្មាននោះទេ ។ ទោះបីតម្លៃទីផ្សារជីគ្រប់មុខមិនសូវបានថ្លៃ ក៏ពួកគាត់ត្រូវតែដាំដុះជី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ពីព្រោះមិនដឹងធ្វើអ្វីក្រៅពីការប្រកបមុខរបរដាំជី ។
កសិករប្រាប់ទៀតថា ការដាំដុះជីនេះ បញ្ហាប្រឈមនឹងប៉ះពាល់សុខភាព ដោយសារពួកគាត់ប្រើប្រាស់ជីគីមី មូលហេតុ ដែលពួកគាត់ប្រើប្រាស់ជីគីមីកន្លងមក គាត់ប្រើប្រាស់ជីធម្មជាតិសម្រាប់ដាំដុះ ជីវាមិនសូវល្អនោះទេ ដោយម៉ូយមិនទទួលទិញនោះឡើយ ។ ដូច្នេះបង្ខំចិត្តឱ្យពួកគាត់ប្រើប្រាស់ជីគីសម្រាប់ដាំដុះជី ទើបជីបានល្អ ហើយម៉ូយគេទទួលទិញយកទៅលក់នៅលើទីផ្សារ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការដុះដំបន្លែផ្លែឈើប្រើប្រាស់ជីគីមីកសិកម្ម មិនស្របតាមបទដ្ឋានត្រឹមត្រូវ បើតាមមន្រ្តីជំនាញបង្ហាញឱ្យដឹងថា វាបង្កផលប៉ះពាល់ចំពោះកសិករ អ្នកដាំដុះផ្ទាល់ដោយថ្នាំពុលធ្វើឲ្យវិលមុខ ធេងធោង ក្អួតចង្អោរ ខូចក្រពះ តម្រងនោម ជំងឺសើស្បែក និង ធ្វើឲ្យសុខភាពចុះខ្សោយជាដើម ហើយវាក៏អាចប៉ះពាល់ដោយប្រយោលចំពោះអ្នកទទួលទានផងដែរ ជាពិសេសគឺប្រភេទថ្នាំពុល គីមីដែលអាចជ្រៀតចូលទៅក្នុងបន្លែ និង ផ្លែឈើ ៕ សំ វិច្ឆិកា