ព័ត៌មានទាន់ហេតុការណ៍៖

ហុីយ៉ាន់ដាយបើកបុកកៀរម៉ូតូ ZOOMER រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយទ្រុងមួយគ្រឿង ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាម ស្ទាក់ចាប់បាន រីឯអ្នកបើកបរលោតចុះរត់គេចបាតជើងសព្រាត បន្ទាប់ពីបើកបរបង្កគ្រោះថ្នាក់ កៀរហើយកិនម៉ូតូ ZOOMER មួយគ្រឿង ក្នុងដំណើរស្របទិស បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ វង្វេងបាត់ស្មារតី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2794 អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។ ហើយមុនកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានកៀរហើយកិនម៉ូតូ ម៉ាក ZOOMER ពណ៌ទឹកក្រូច ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-9717 បើកបរដោយបុរសម្នាក់ ដំណើរស្របទិស បណ្តាលឲ្យរងរបួសបែកមុខមាត់ ឈាមហូរកក្លាក់ពេញមុខ វង្វេងបាត់ស្មារតី ម៉ូតូរងខូចខាតដំណំ ។

ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក ដឹងខ្លួនថា រថយន្តមានបញ្ហាហើយ បានព្យាយាមបន្ថែមល្បឿនបើករត់គេច ទៅដល់មុខក្រុមហ៊ុនហុងដា ស្រឡះស្ងាត់ ម្យ៉ាងពលរដ្ឋដេញតាមពីក្រោយផងនោះ ភ័យ ឈប់រថយន្តលោតចុះ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តៅលើផ្លូវ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យ ពិតជារថយន្តបង្ក ទើបប្រគល់ឲ្យទៅនគរបាលជំនាញយកទាំងម៉ូតូ រថយន្តទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖