ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករប្រមាណ៣០នាក់ នៅតែបន្តដួលសន្លប់ជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងសន្តិសុខរោងចក្រ ប្រញាប់ប្រញាល់ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកជីភូក្រុងបាវិត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ស្ថិតនៅរោងចក្រប៉ៃហុង (ខេមបូ) ឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសស៍ មានទីតាំងស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមគ្រូពេទ្យបម្រើការងារក្នុងមន្ទីរពេទ្យបង្អែកជីភូ បានឲ្យដឹងថា ពិតជាមានកម្មការិនីដួលសន្លប់មែន ដោយបានសន្តិសុខហៅរថយន្តសាមុយរបស់មន្ទីរពេទ្យដឹកមកសង្គ្រោះភ្លាមៗ ដោយមានកម្មករជាបុរស៤នាក់ ស្ត្រី២៦នាក់ ហើយរហូតមកដល់រសៀលនេះ កម្មករទាំងនោះបានធូរស្រាលខ្លះៗ ខណៈបានចេញពីមន្ទីរពេទ្យមិនមានអ្នករងគ្រោះដល់ជីវិតនោះទេ ។
លោកបន្តថា មូលហេតុតាមការពិនិត្យគឺកម្មករ កម្មការិនីទាំងនោះ មានសុខភាពខ្សោយ ណាមួយមានចំហាយអាកាសធាតុផង ទើបបង្កឲ្យមានករណីថប់ដង្ហើមដួលសន្លប់បែបនេះ ។
សូមបញ្ជាក់ថា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ពីវេលាម៉ោង៩ព្រឹក នៅរោងចក្រ បៃ ហុង ផលិតអំពូលភ្លើង នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង ហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងមានកម្មករ២៧នាក់ កំពុងធ្វើការដូចសព្វមួយដង ស្រាប់តែមានធុំក្លិនផ្សែង បណ្តាលវិលមុខ ដកដង្ហើមថប់ៗ ក្អួតចង្អោរ ដួលបន្លបជាបន្តបន្ទាប់ ត្រូវបានមិត្តរួមការងារ និងពេទ្យប្រចាំការជួយសង្គ្រោះ និងដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីធ្វើការសង្គ្រោះ ។
លោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កម្មករដែលសន្លប់នេះ ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជីភូក្រុងបាវិត ហើយការដែលសន្លប់បណ្តាលមកពីកម្មករខ្សោយដួលសន្លប់ដំបូងពីរនាក់ទេ ដោយឃើញស្លប់ពីរនាក់អញ្ចឹង ស្រាប់តែដួលជាបន្តបន្ទាប់បែបនេះ ៕ យឹម សុថាន