ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈបើករថយន្តក្នុងល្បឿនលឿនឋ ជ្រុលចង្កូតជង្កូតទៅបុករបងមណ្ឌលសុខភាពពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងយប់ នាំគ្នាចេញមកមើល និងរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានមកអន្តរាគមន៍ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ២៥៦២ត្រូវនឹងថ្ងៃទិ១៧ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នករងរបួស ជិះក្នុងរថយន្តមានឈ្មោះ គីមី បូរុំ អាយុ៤៨ឆ្នាំ មុខរបរអ្នករត់តាក់សុី បច្ចុប្បន្នរស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី២មាន ឈ្មោះ ង្វៀង វ៉ាន់ស៊ីន ជនជាតិវៀតណាម អាយុ៤៣ឆ្នាំ មានទីលំនៅស្រុក ឌឹកវ៉េ ខេត្តឡុងអាន ប្រទេសវៀតណាម ទី៣ ឈ្មោះ វៀង យាំងទិន ជនជាតិវៀតណាម អាយុ៤២ឆ្នាំ រស់នៅសង្កាត់បុិន តឹង ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ទី៤ឈ្មោះ វែង វ៉ាន់យុង ជនជាតិវៀតណាម អាយុ៣៥ឆ្នាំ រស់នៅភូមិបុិនវ៉ាង ឃុំបុិនថាន ស្រុកត្រាងបាង ខេត្តតៃនិញ ប្រទេសវៀតណាម និងទី៥ ឈ្មោះ វុឹង និញហ្វាង ជនជាតិវៀតណាម អាយុ៣៩ឆ្នាំ រស់នៅសង្កាត់បុឹនតឹង ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្នាំ៩៥ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A6379 ជិះគ្នា៥នាក់ ដោយធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុករបងមណ្ឌលសុខភាពយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម និងវាស់វែង និងអូសយករថយន្តមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន