ព័ត៌មានទាន់ហេតុការណ៍៖

«ស្ថានទូតអាមេរិកកំពុងលូកដៃពេញទីក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា!»

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារមួយដែលមានលក្ខណៈ ជាការលូកដៃយ៉ាងកំរោលចូលកិច្ចការផ្ទៃក្នុងកម្ពុជាទាំងស្រុង ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ជា មនុស្សស្អាតស្អំហើយជាប់ពន្ធនាគារដោយអយុត្តិធម៌។ យើងសូមសួរទៅស្ថានទូត អាមេរិកថា តើអ្នកដឹងរឿងលោក កឹម សុខា បានធ្វើអ្វីទេទើបបណ្តាលឲ្យអាជ្ញាធរកម្ពុជា ចាប់ខ្លួនឃុំឃាំងក្នុងពន្ធនាគារ? អ្នកដឹងទេ ថា លោក កឹម សុខា បាននិយាយចេញពី មាត់ខ្លួនឯង ហើយថតជាវិដេអូនិងបង្ហោះផ្សាយដោយគ្មានអ្នកណាបង្ខំ «ថាគាត់បាន ទទួលការណែនាំ និងហ្វឹកហាត់ពីសហរដ្ឋអាមេរិកដែលបានជួលគ្រូល្បីៗជាជនជាតិអាមេរិកកាំងនិងកាណាដាឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយយកគំរូតាមបដិវត្តនៅប្រទេសយូហ្គូស្លាវី និងស៊ែប៊ី »។

ក្រៅពីអ្វីដែលលោក កឹម សុខា បាន និយាយសកម្មភាពជាក់ស្តែងជាច្រើនត្រូវបានធ្វើរួចហើយនៅកម្ពុជា ។

នេះគឺជាទោសក្បត់ជាតិ ចុះហេតុអ្វី បានជាស្ថានទូតអាមេរិកហ៊ានអះអាងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និង ជាប់ឃុំដោយអយុត្តិធម៌ទៅវិញ?ក្នុងនាមជាពលរដ្ឋខ្មែរ យើងពិតជាមិនអាចទទួលយកបានទេចំពោះទង្វើបំពានម្តងហើយ ម្តងទៀតមកលើអធិបតេយ្យភាព របស់ កម្ពុជាពីសំណាក់ស្ថានទូតអាមេរិកពីព្រោះទង្វើបែបនេះបានបំពានសន្ធិសញ្ញាអន្តរជាតិផង និងបំពានលើអធិបតេយ្យភាពរបស់ ប្រទេសដែលខ្លួនកំពុងបំពេញបេសកម្មការទូតផង។ យើងសូមឲ្យស្ថានទូតអាមេរិកគោរពគោលការណ៍យុត្តិធម៌ផង និងគោរពសិទ្ធិប្រទេសម្ចាស់ផ្ទះដែលកំពុងទទួលអ្នកឲ្យបំពេញការងារផង។

ដើម្បីឲ្យមានយុត្តិធម៌ក្នុងការវិនិច្ឆ័យ យើងសូមផ្តល់យោបល់ជូនស្ថានទូតអាមេរិកឲ្យពិនិត្យមើលទិដ្ឋភាពមួយចំនួនដូច ខាងក្រោម៖

ទី១៖ សូមស្ថានទូតអាមេរិកពិនិត្យ មើលអ្វីដែលកំពុងកើតមាននៅ ក្នុងប្រទេសរបស់ខ្លួនជាមុនសិនមុននឹងនិយាយរិះគន់ប្រទេសគេ។ នៅសហរដ្ឋអាមេរិកសំណុំរឿងចោទប្រកាន់ស្តីពីការលូកដៃរបស់ ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិ បតីអាមេរិកនៅតែបន្តក្តៅគគុកមិនទាន់ ចប់នៅឡើយទេរហូតមកដល់បច្ចុប្បន្ន។ អ្នកបានឮទេការចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ថាបានបណ្តោយឲ្យរុស្ស៊ីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក ដែលធ្វើឲ្យលោក ត្រាំឈ្នះឆ្នោត? ភ្នាក់ងារ ស៊ីអាយអេ របស់អាមេរិកបាន និងកំពុងស៊ើបអង្កេតរឿងនេះយ៉ាងសកម្ម ហើយក៏ធ្លាប់បានចោទប្រកាន់តាមផ្លូវច្បាប់ដល់ មនុស្សមួយចំនួនរួចហើយដែរ ។

ឧបមាថា ក្រុមស៊ើបអង្កេតរបស់អ្នកបាន រកឃើញភស្តុតាងថាលោកប្រធានាធិបតីត្រាំ បានឃុបឃិតជាមួយរុស្ស៊ីក្នុងរឿងនេះមែន តើច្បាប់នៅប្រទេសរបស់អ្នកនឹងត្រូវចាត់ការបែបណាចំពោះលោកត្រាំ?

គេនៅចាំបានថាអ្នកក៏ធ្លាប់បានចោទប្រកាន់និងតាមចាប់ខ្លួនពលរដ្អអាមេរិកាំងម្នាក់ឈ្មោះ Edward Snowden ពីបទក្បត់ ជាតិដោយសារតែបុរសរូបនោះបានបញ្ចេញព័ត៌មានសម្ងាត់មួយចំនួនទៅខាងក្រៅ ទាក់ទងនឹងទង្វើមិនគួរគប្បីមួយចំនួន របស់​រដ្ឋាភិបាលអាមេរិកាំង។ បើកុំតែបុរសរូបនោះរត់គេចខ្លួនទាន់ម៉្លេះសមគាត់ត្រូវ បានរដ្ឋអំណាចរបស់អាមេរិកចាប់ដាក់ពន្ធនាគារ បាត់ទៅហើយពីទោសក្បត់ជាតិ។ នៅប្រទេសបារាំង អតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី ក៏រងការចោទប្រកាន់ពី បទថាបានទទួលប្រាក់ពីប្រទេសលីប៊ីយកមកប្រើប្រាស់ដើម្បីឃោសនាបោះឆ្នោត។ ប្រសិន បើនៅក្នុងប្រទេសរបស់អ្នកក៏ចាត់ការរឿងក្បត់ជាតិនិងរឿងការលូកដៃពី បរទេសដែរ ចុះហេតុអីបានជាចំណាត់ការរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយដូចអាមេរិកនិងអឺរ៉ុបដែរបែរជាអ្នកមក និយាយថា លោក កឹម សុខា ជាមនុស្ស ស្អាតស្អំហើយជាប់ឃុំដោយអយុត្តិធម៌ទៅវិញ? តើយុត្តិធម៌សម្រាប់អ្នកឯងមានស្តង់ដា ប៉ុន្មាន? សិទ្ធិមនុស្សដែលអ្នកកំពុង បង្រៀនគេមានស្តង់ដារប៉ុន្មាន?

ទី២៖ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរសូមទាមទារឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់ ប្រទេសកម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ មួយដែលជាសមាជិកអង្គការសហប្រជាជាតិដូចសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបដែរ។ អ្នកដឹងទេថាបណ្តាប្រទេសក្នុងលោកនេះ គេតែងតែការពារអធិប តេយ្យភាពរបស់គេយ៉ាងតឹងតែងណាស់ មិនអាចអនុញ្ញាតឲ្យបរទេសណាមកបំពានបានឡើយរាប់ទាំងប្រទេសរបស់អ្នកផង។ ចុះហេតុដូចម្តេចបានជាស្ថានទូតអាមេរិកមកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយចំហនិងដោយខ្វះសុចរិតភាពនិងតុល្យភាពយ៉ាងដូច្នេះ?

ទី៣៖ ក្នុងនាមជាពលរដ្ឋខ្មែរខ្ញុំសូមឲ្យមហាអំណាចអាមេរិក ក៏ដូចជាអឺរ៉ុបបញ្ឈប់ការប្រើប្រាស់កម្ពុជាជាល្បែងភូមិសាស្ត្រ នយោបាយដែលធ្វើឲ្យពលរដ្ឋខ្មែរក្លាយជាចំណាប់ខ្លាំងដោយមហិច្ឆតាដណ្តើមឥទ្ធិពល និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អ្នកតទៅទៀត។

កម្ពុជាបានរងគ្រោះឆ្អែតឆ្អន់ហើយ ដោយ​​សារតែសង្គ្រាមវិនាសកម្មបង្កើតឡើងដោយសារអ្នកកាលពីអតីតកាល។ គ្រាប់ បែកជិត៣លានតោនត្រូវបានទម្លាក់លើ ទឹកដីកម្ពុជាដែលបានសម្លាប់ពលរដ្ឋខ្មែរ រាប់សែននាក់ និងបន្តធ្វើឲ្យមានជនរង គ្រោះ​ជារៀងរាល់ថ្ងៃដោយសារតែកាក សំណល់នៃគ្រាប់មិនទាន់ផ្ទុះ។ ដូច្នេះវាល្មមគ្រប់គ្រាន់ដែលយើងឆ្អែតឆ្អន់ ហើយវាក៏ល្មមគ្រប់គ្រាន់សម្រាប់អ្នកដែរ។

ទី៤៖ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមស្នើឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជាសិក្សាឈេ្វងយល់បន្ថែមពីករណីលោក កឹម សុខា ដោយ​ស្តាប់ឡើងវិញនូវសម្តីលោក កឹម សុខា ដែលបាន និយាយនិងត្រូវបានប្រព័ន្ធផ្សាយព័ត៌មានស្និទ្ធនឹងបក្សប្រឆាំងបាន បង្ហោះផ្សាយទាំងស្រុង។សូមឲ្យស្ថានទូតអាមេរិកពិនិត្យ មើលសកម្មភាពទាំងឡាយរបស់ក្រុមប្រឆាំងនៅកម្ពុជាដែលបានធ្វើ កន្លងទៅ តើវាស៊ីចង្វាក់គ្នាយ៉ាងណាជា មួយនឹងអ្វីដែល លោក កឹម សុខាបាន​និយាយ។ បើបានឃើញហើយ សូមប្រៀបធៀបទង្វើទាំងនេះទៅនឹងអ្វីដែលកើតមានឡើងនៅក្នុងប្រទេសរបស់អ្នកផង។

ទី៥៖ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុង ផ្តលជម្រកដល់ក្រុមបះបោរដែលប៉ុនប៉ង ផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានអនុញ្ញាតឲ្យប្រព័ន្ធផ្សាយព័ត៌មាន របស់ខ្លួនមានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកជាដើមធ្វើជាឧបករណ៍ ដាច់ថ្លៃរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដើម្បីញុះញង់ បញ្ឆេះកំហឹង និងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដោយចំហដោយខ្វះវិជ្ជាជីវៈ និង យ៉ាងគឃ្លើន។តើអ្នកចង់បានអ្វីទៀតពី កម្ពុជា?

តើអ្នកដឹងទេថា សព្វថ្ងៃប្រជាជនកម្ពុជាកំពុងរស់ក្នុងសុខសន្តិភាពនិងសម្បូរ សប្បា​​យ​។ ប្រទេសកម្ជុជាកំពុងស្គាល់ការអភិវឌ្ឃនៅគ្រប់ទិសទី។ តើអ្នកចង់ឲ្យ ពួកយើងធ្លាក់ក្នុងស្ថានភាពក្រោយរដ្ឋ ប្រហារឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៩ ឬ?

តើអ្នកចង់ឃើញពលរដ្ឋខ្មែរប៉ុន្មានទៀត ដែលរងគ្រោះ និងស្លាប់ក្រោមទម្ងន់មនោគមន៍វិជ្ជានិងទម្ងន់គ្រាប់បែករបស់ អ្នក?

សរុបមកវិញ មានពលរដ្ឋខ្មែរច្រើន ណាស់ដែលបានបញ្ចេញ ប្រតិកម្ម​តប ទៅ​នឹង ទង្វើរបស់ស្ថានទូតអាមេរិកប្រចាំ កម្ពុជាក្នុង បញ្ហាជាច្រើនជាពិសេស​សំណ​ុំ​រឿង​លោក កឹម សុខា នៅពេលនេះ។ ដូច្នេះស្ថានទូតអាមេរិកគួរតែបានភ្លឺភ្នែកហើយចំពោះប្រតិកម្មរបស់ម្ចាស់ស្រុកនៅពេលនេះ។ កម្ពុជាចង់ចងមិត្តជាមួយគ្រប់បណ្តាប្រទេស ដោយគ្មានរើសអើង ប៉ុន្តែ អ្វីដែលកម្ពុជា ចង់បានគឺសុំត្រឹមភាព​ស្មើ​មុខមាត់ និងការគោរពសិទ្ធិគ្នាទៅវិញទៅ មកតែប៉ុណ្ណោះ។ យើងពិតជាមិនចង់ ឃើញ​មិត្តណាដែលចូលចិត្តចាប់ដៃហើយជាន់ជើងនោះឡើយ៕ ហេង សូរិយា


ចែករំលែក៖