នៅក្នុងជំនួបកំពូលនាពេលកន្លងមក រវាងប្រទេសរុស្ស៊ី អីុរ៉ង់ និងទួរគីនៅក្នុងទឹកដីរុស្ស៊ីទទួលបានជោគជ័យបន្ថែមទៀត ឆ្ពោះទៅរក សន្តិភាពស្ថិរភាពទាំងស្រុង ដល់ប្រទេសស៊ីរី ។
ក្រោយកិច្ចប្រជុំ លោក ពូទីន បាននិយាយថា ពួកគេបានពិភាក្សាផ្ដោតសំខាន់លើស្ថានភាពក្នុងខេត្តអុីតលីប និងតំបន់ភាគឦសានប្រទេសស៊ីរី ហើយពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការងាររួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងខេត្តអុីតលីប។ លោកពូទីន បានបន្តថា កិច្ចខិតខំរួមគ្នារបស់រុស្ស៊ី, អុីរ៉ង់ និងទួរគីបានបង្កើតលក្ខខណ្ឌជាទីគាប់ចិត្តមួយ សម្រាប់ការផ្លាស់ប្ដូររបស់ស៊ីរីឆ្ពោះទៅរកការបង្កើតសន្តិភាពឡើងវិញ។ យើងមានជំនឿយ៉ាងមុតមាំថា ស្ថិរភាពនឹងអាចនាំមកកាន់ប្រទេសស៊ីរី តាមរយៈដំណោះស្រាយនយោបាយ និងការទូត ដោយផ្អែកលើសេចក្ដីសម្រេច ២២៥៤ របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
លោក ពូទីន បានបញ្ជាក់ទៀតថា ប្រទេសទាំង៣ នឹងជួយប្រទេសស៊ីរីផងដែរ ក្នុងការបង្កើតគណៈកម្មាធិការធម្មនុញ្ញ ដែលនឹងដោះស្រាយចំណុចមូលដ្ឋានគ្រឹះ នៃប្រព័ន្ធរដ្ឋនាពេលអនាគតរបស់ស៊ីរី។ ខណៈនោះដែរប្រទេសរុស្ស៊ី, អុីរ៉ង់ និងទួរគីបានព្រមព្រៀងថា ជុំបន្ទាប់នៃការពិគ្រោះយោបល់នឹងធ្វើឡើង ក្នុងទីក្រុងអាស្តាណាប្រទេសកាហ្សាក់ស្ថាននាដំណាច់ខែមីនា ឬដើមខែមេសាខាងមុខនេះ៕ ម៉េវ សាធី