ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលយកដីកាទៅបិទមុខផ្ទះសម រង្ស៊ី សំណុំរឿងប្រមាថព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់នីតិវិធីស៊ើបសួរលើ សំណុំរឿងរបស់ទណ្ឌិត សម រង្ស៊ី អតីត ប្រធាន​គណបក្សសង្គ្រោះជាតិករណីប្រមាថព្រះមហាក្សត្រ។

នេះបើតាមលិខិតរបស់ចៅក្រមស៊ើប សួរ សាលាដំបូងរាជធានីភ្នំពេញដែលត្រូវបាននគរបាលរាជធានីភ្នំពេញបានយកដីការបស់ចៅក្រមស៊ើបសួរ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្គ្រោះជាតិនៅព្រឹកថៃ្ងចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លិខិតរបស់ចៅក្រមស្តីពីការបញ្ចប់ការសេីបសួរបានលើកឡើងបញ្ជាក់ថា នេះជាការបញ្ចប់នីតិវិធីស៊ើបអង្កេតលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្សុី មេចលនាសង្គ្រោះជាតិ។

នៅក្នុងលិខិតរបស់ចៅក្រម ហម ម៉េង​សែ បានបញ្ជាក់ថា «ឈ្មោះ សម រង្ស៊ី ភេទ ប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅរាជធានីភ្នំពេញ និងទីកន្លែង ផ្សេងទៀតកាលពីថ្ងៃទី៦, ថ្ងៃទី៧ និង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន)នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ»។

ចៅក្រមបានជូនដំណឹងថា «សំណុំរឿងព្រហ្មទណ្ឌខាងលើនេះយើងបានបញ្ចប់ការស៊ើបសួរហើយ»។

គួររំឭកថា ដើមចមនៃបណ្តឹងនេះគឺបានកើតឡើង កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៊ី មេចលនាសង្រេ្គាះ ជាតិបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពល រដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះថា ជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថាព្រះរាជសារនោះជាព្រះរាជសារពិត ប្រាកដ មិនក្លែងក្លាយក៏ដោយ។ ការ ប្រមាថរបស់លោកសម រង្ស៊ី បែបនេះបានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។

បើតាមច្បាប់ថ្មី មាត្រា៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃ ក្រមព្រហ្ម ទណ្ឌបានចែងថា «ការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គល ក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ ៥០លានរៀលព្រមទាំងទោសបន្ថែម មួយឬច្រើនក្នុងករណីដែលតុលាការ រក ឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធ នឹងការ ប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕ ហេង សូរិយា


ចែករំលែក៖