ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះកម្ទេចក្រណាត់រោងចក្រ មីង យ៉ាវ ជាប់ផ្លូវ៣៧១ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រកាត់សម្លៀកបំពាក់(យីហោ មីង យ៉ាវ) យ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ សង្ស័យម្ចាស់រោងចក្រដុតហើយពន្លត់មិនអស់ បណ្តាលឲ្យមានបណ្តាលឲ្យឆាបឆេះឡើងវិញ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតចំណុចរោងចក្រកាត់សម្លៀកបំពាក់ (យីហោ មីង យ៉ាវ)ផ្ទះលេខ៦៤៧ ផ្លូវ៣៧១ ហៅផ្លូវទំនប់ថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីសន្តិសុខយាមនៅរោងចក្រកើតហេតុបានឲ្យដឹងថា មុនកើតហេតុរូបគាត់ធំក្លិនឈ្ងៀម រួចបានរកមើលស្រាប់តែឃើញផ្សែងហុយចេញពីគំនកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រដែលសល់ពីការកាត់សម្លៀកបពាក់ដែលថៅកែរោងចក្រយកទៅដាក់គរដុតចោលចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អ្នកនៅក្នុងរោងចក្រ និងប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នារាយទុយយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ នៅតែមិនរលត់ ទើបបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចុះជួយអន្តរាគមន៍ ដោយបានប្រើប្រាស់អស់ទឹកចំនួន៤រថយន្ត ក្នុងពេលអស់រយៈពេលជិតមួយម៉ោងទើបអាចរលត់ទៅវិញទាំងស្រុង។

សមត្ថកិច្ចប្រាប់ថា ករណីអគ្គិភ័យនេះសង្ស័យពេលម្ចាស់រោងចក្រដុតកម្ទេចក្រណាត់ ហើយពន្លត់មិនអស់ទើបឆាបឆេះមកវិញ។ តែមិនបណ្តាលឲ្យមនុស្សគ្រោះ និងខូចខាតទ្រព្យសម្បត្តិក្នុងរោងចក្រ ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕ ភារ៉ា ដង្កោ


ចែករំលែក៖